(កាលីហ្វ័រញ្ញ៉ា)៖ ការបាញ់ប្រហារមួយបានកើតឡើងនៅថ្ងៃអង្គារ (ម៉ោងនៅក្នុងវ៉ាស៊ីនតោន) នៅក្បែរការិយាល័យ បោះឆ្នោតចំនួនពីរ ក្នុងទីក្រុងអាហ្ស៊ូសា (Azusa) នៃរដ្ឋកាលីហ្វរញ៉ា ដោយបានបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង០៣នាក់ផ្សេងទៀតរងរបួស ខណៈប្រជាជនអាមេរិកកំពុងនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារំាង Le Figaro នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៦។
យោងតាមសាក្សីម្នាក់ដែលបានចូលរួមក្នុងការបោះឆ្នោតបានប្រាប់សារព័ត៌មានថា គេបានលឺស្នូរកាំភ្លើងនៅក្បែរ ការិយាល័យបោះឆ្នោតហើយមានអ្នកបោះឆ្នោតខ្លះ បានឃើញបុរសម្នាក់មានកាំភ្លើងនៅក្នុងដៃ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ការបាញ់ប្រហារដាក់គ្នាទៅវិញទៅមក បានកើតឡើងនៅឯសាលារៀន Mountain Elementary School និង Slauson Middle School ដែលជាការិយាល័យបោះឆ្នោតនៃភាគ ខាងកើតទីក្រុងឡូសអាន់ជឺឡែស។ ចំណែកឯប៉ូលិសទីក្រុង Azusa កំពុងធ្វើប្រតិបត្តិការនៅកន្លែងកើតហេតុ តែមិនទាន់ឃាត់ខ្លួនបានជនសង្ស័យណាម្នាក់នៅឡើយនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី