CamNews

តារា 

គង់ វិច្ឆិកា ឆក់បានតំណែង ជាពិធីការិនី នៅហង្សមាស

ភ្នំពេញៈ តារាសម្តែងសម្បុរខ្មៅ ស្រអែមស្រស់ កញ្ញា គង់ វិច្ឆិកា គឺជាតារាសម្តែងមួយដួង ដែលមានភាពលេចធ្លោ និងមានប្រជាប្រិយភាព ច្រើនគួរសម នៅក្នុងពិភពសិល្បៈ ពេលថ្មីៗនេះបានបង្ហាញស្នាដៃថ្មី ដោយនាងបានងាក មកស្រវ៉ា ចាប់យកបាន អាជីពជាពិធីការិនី នៅស្ថានីយទូរទស្សន៍ ហង្សមាសថ្មី បន្ថែមលើអាជីពចាស់ ដែលមាន ស្រាប់ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ តារាស្រីវ័យក្មេងរូបស្អាត កញ្ញា គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេលប្រមាណជិតមួយខែនេះ នាងត្រូវបានខាង ស្ថានីយទូរទស្សន៍ហង្សមាស ផ្តល់ឱកាសឲ្យចាប់ យកអាជីពជាពិធីការិនីថ្មី ដោយនាងបានចូលហាត់រៀន ធ្វើជាពិធីការិនី នៅក្នុងកម្មវិធីមួយ ចំនួននៅហង្សមាស ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងមានកម្មវិធីកាន់ផ្ទាល់ខ្លួនហើយ ។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំស្រលាញ់អាជីព ជាពិធីការិនីជាយូរមកហើយ គ្រាន់តែថាមិនមាន ឱកាស ទើបងាកទៅស្រវ៉ាការសម្តែង ហើយពេលនេះខ្ញុំត្រូវបាន ខាងទូរទស្សន៍ហង្សមាស បានផ្តល់ឱកាសឲ្យខ្ញុំ ខ្ញុំក៏សាកល្បងទៅ ព្រោះថាចិត្តស្រលាញ់ខ្លាំង តាំងពីតូចមកស្រាប់ផង ហើយម្យ៉ាងទៀតរៀមច្បង នៅទីនោះក៏ ចិត្តល្អ ផ្តល់បទពិសោធន៍ ឲ្យខ្ញុំច្រើនទើបធ្វើឲ្យខ្ញុំមានកំលាំងចិត្ត ខំប្រឹងរៀនសូត្រ និងស្រវ៉ាអាជីពនេះ »។

កញ្ញា គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងទៀតថា នាងត្រូវបានម្ចាស់ ស្ថានីយទូរទស្សន៍ហង្សមាស ផ្តល់ឱកាសឲ្យធ្វើតេស សមត្ថភាព ហើយបានក្លាយជាពិធីការិនីពេញសិ្នទ្ធ ដោយនាងត្រូវបានខាងស្ថានីយទូរទស្សន៍ តម្រូវឲ្យកាន់កម្មវិធី «តំបន់យុវវ័យ» ហើយបន្តទៀត នាងនៅមិនទាន់ច្បាស់ទេថា នាងមានកម្មវិធីអ្វីកាន់បន្តទៀតនោះទេ ។ ចំណែក ការងារសម្តែងវិញមួយរយៈនេះ នាងនៅមិនទាន់មាន គម្រោងថតរឿងថ្មីនៅឡើយទេ រង់ចាំពង្រឹងអាជីព ពិធីការិនី ឲ្យមានលំនឹងសិន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Kong vecheka Star news local news