CamNews

ព័ត៌មានជាតិ 

នៅព្រឹកនេះប្រកាសផ្លាស់ប្តូរ ប្រធានពន្ធនាគារ PJ, លោក ហ៊ូ ពុធវិសាល ចេញជំនួសដោយលោក ពេជ្រ យ៉ុន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសាលារាជធានីភ្នំពេញ មានពិធីផ្លាស់ប្តូរ តំណែងប្រធានពន្ធនាគារ រាជធានីភ្នំពេញ ឬពន្ធនាគារ PJ ក្រោមវត្តមាន លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមួយចំនួនទៀត។

សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា លោក ហ៊ូ ពុធវិសាល ប្រធានពន្ធនាគារ PJ ត្រូវបានផ្លាស់ទៅកាន់ អនុប្រធាននាយកដ្ឋានអប់រំកែប្រែ ដោយដាក់លោក ពេជ្រ យ៉ុន អតីតអនុប្រធាននាយកដ្ឋានមធ្យោបាយ ចូលជំនួសវិញ។

ជាមួយគ្នានេះ ក៏មានការផ្លាស់ប្តូរ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចំនួន២រូបទៀតផងដែរ រួមមាន លោក គៀ សុវណ្ណា ពីប្រធានអប់រំកែប្រែទី៣ ទៅជាអនុប្រធាននាយកដ្ឋានប្រតិបត្តិ ហើយលោក ភិន យ៉ាន ពីប្រធានពន្ធនាគារ ខេត្តឧត្តរមានជ័យ ទៅជាប្រធានអប់រំកែប្រែទី៣ ។

លោក នុត សាអាន បានថ្លែងថា ការប្រកាសផ្លាស់ប្តូរ មន្រ្តីពន្ធនាគារនៅពេលនេះ គឺជារឿងធម្មតា ដែលត្រូវអនុវត្តជាប្រចាំចំពោះស្ថាប័ន មានកងកម្លាំងប្រដាប់អាវុធ ហើយដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធិភាព លើការគ្រប់គ្រង និងភាពអសកម្មមួយចំនួន។

លោក នុត សាអាន បញ្ជាក់ថា នៅទូទាំងប្រទេស អ្នកជាប់ពន្ធនាគារ ទាំងខ្មែរ និងបរទេស មានជាង ១៧០០០នាក់។

តែយ៉ាងណាក៏ដោយ ការប្រកាសដូរប្រធានពន្ធនាគារ PJ នៅពេលនេះ ដោយសារតែមានប្រជាពលរដ្ឋមួយចំនួន បានប្តឹងទៅប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ការដែលប្រធានពន្ធនាគាររូបនេះ យកលុយ ពីអ្នកដែលទៅមើលសាច់ញាតិរបស់ខ្លួន និងរឿងពុករលួយ មួយចំនួនទៀត ស្តីអំពីការស្នើសុំឲ្យ មានការលើកលែងទោសដល់ទណ្ឌិត។

ការប្រកាសផ្លាស់ប្តូរនេះ ក៏បានគេមើលឃើញថា បានធ្វើឡើងក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានបញ្ជាឲ្យ មានការស៊ើបអង្កេត និងពិនិត្យចំពោះសំណើរ លែងលែងទោសដល់ទណ្ឌិត ដើម្បីចូលរួមកាត់បន្ថយ សកម្មភាពប្លន់ប្រដាប់អាវុធ និងបទល្មើសមួយចំនួន ដែលកើតចេញពីទណ្ឌិតខ្លះ ដែលត្រូវបានដោះលែង ចេញពីពន្ធនាគារ ដោយមិនត្រឹមត្រូវតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP