(លីវើភូល)៖ កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម Philippe Coutinho នឹងបន្តអវត្តមានទៀត ពេលម្ចាស់ផ្ទះហង្សក្រហម Liverpool ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City រាត្រីថ្ងៃសៅរ៍ស្អែកនេះ ចុងបញ្ចប់ជើងទី១ នៃក្របខណ្ឌ Premier League របស់អង់គ្លេស។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦ នេះថា កីឡាករជនជាតិប្រេស៊ីល វ័យ២៤ឆ្នាំ Coutinho នឹងមិនអាចចូលលេងបានដដែល ដោយសារតែបញ្ហារបួសកជើងនាពេលកន្លងមក ដែលធ្វើឲ្យ កីឡាករវ័យក្មេងរូបនេះអវត្តមានក្នុងក្លឹប ៦ប្រកួតមកហើយ ចាប់តាំងពីប្រកួតទល់នឹងក្រុម Sunderland កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
ទន្ទឹមគ្នានោះលោក Jurgen Klopp អ្នកចាត់ការទូទៅក្លឹប Liverpool ក៏បានគូសបញ្ជាក់ផងដែរថា «នោះជាការប្រកួតដ៏ធំរបស់ Liverpool ដែលមានក្លឹប៤កំពុងប្រជែងគ្នាយកតំណែងលេខ២ ពីក្រុមក្រហមមួយនេះ ហើយការអវត្តមានរបស់ Coutinho ក៏ជាបញ្ហាមួយដែរ ត្បិត Man City ជាក្រុមខ្លាំង និងកំពុងតាមពីក្រោយយ៉ាងប្រកៀកនោះ»។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ខាងលើក៏បានបន្ថែមទៀតថា កីឡាករខ្សែការពារ Joel Matip ក៏អវត្តមានក្នុងជំនួបដ៏សំខាន់ នោះដែរ ដោយសារតែរងបញ្ហារបួសកជើងដូចគ្នា។ Liverpool នឹងត្រូវជួបក្រុមមេឃខៀវ Manchester City នារាត្រីម៉ោង ០០៖៣០នាទីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៦ ប្រចាំសប្តាហ៍ទី១៩ បញ្ចប់ ជើងទី១ នៃ Premier League រដូវកាលឆ្នាំ២០១៦-២០១៧៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង