CamNews

កីឡាជាតិ 

គិរីវង់ ខ្ចី​កីឡាករ​ក្រោន ២​នាក់ ទៅ​ប្រជែង​កៅ​អី​ក្នុង League-II

(ភ្នំពេញ)៖ អតីតសមាជិកក្រុមលីគកំពូលកម្ពុជា ក្លឹបគិរីវង់សុខសែនជ័យ បានសម្រេចចិត្តខ្ចីជើងកីឡាករវ័យក្មេងពីក្លឹបភ្នំពេញក្រោន ២រូប គឺ​កីឡាករ វ៉ាត់ សំណាង និង ឈុត សែង​ទៀង ដើម្បីប្រជែងតំណែងជើងឯកលីគលំដាប់ទី២ ឬ League-II ក៏ដូចជាស្វែងរកកៅអីលេងនៅលីគកំពូលកម្ពុជាសាជាថ្មីផងដែរ។

យោងតាមការបញ្ជាក់លើ Page Facebook របស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា គិរីវង់សុខសែនជ័យ ខ្ចីជើងកីឡាករវ័យក្មេងខាងលើ គ្រាន់​តែ​ជួយ​ក្នុង​ការ​ប្រកួត​នៅ​សល់​​នៃ​លីគ​លំដាប់ទី២ប៉ុណ្ណោះ បន្ទាប់​មក​សមាជិក​នៃ​ក្រុម​ជម្រើស​ជាតិ​យុវជន​កម្ពុជា​នេះ នឹង​ត្រឡប់​ម​ក​ជួយ​ក្លឹប​ភ្នំពេញ​ក្រោន​វិញ​។

គួរបញ្ជាក់ថា កីឡាករ វ៉ាត់ សំណាង គឺជាខ្សែការពារកណ្ដាលដ៏រឹងមាំ ហើយក៏ទើបបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩​ឆ្នាំ​កម្ពុជា ក្នុង​ការ​ប្រកួត​ពាន AFF U-19 Championships នៅវៀតណាមកាលពីពេលថ្មីៗកន្លងទៅ។ រីឯ​កីឡាករ សែង ទៀត គឺ​ជា​ខ្សែ​ប្រយុទ្ធ ហើយ​ក៏​ជា​អតីត​សមាជិក​នៃ​ក្រុម​ជម្រើស​ជាតិ​យុវជន U-14 និង U-16 កម្ពុជា​ផង​ដែរ ៕



ផ្តល់សិទ្ធដោយ ៖ Khmertalking


Tags: League II