ព័ត៌មានកីឡា៖ ព្រះរាជអាជ្ញាក្នុងប្រទេសអេស្ប៉ាញ បានសម្រេចទម្លាក់ចោល សំណុំរឿងក្ដីដែលបានចោទប្រកាន់ កីឡាករ Messi ពីបទកេងប្រវ័ញប្រាក់បង់ពន្ធប្រចាំឆ្នាំរបស់កីឡាករ ប៉ុន្ដែសំណុំរឿងក្ដីនេះ ត្រូវបង្វែរមកកាន់ឪពុករបស់កីឡាករវិញ គឺលោក Jorge Messi ។
ប្រសិនជាសាលក្រមត្រូវបានសម្រេចមែននោះ លោក Jorge Messi នឹងត្រូវជាប់ពន្ធធនាគាដល់ទៅ ១ឆ្នាំកន្លះ ហើយនឹងត្រូវពិន័យជាប្រាក់ដល់ទៅ ២ លានយូរ៉ូ។
កន្លងមក អ្នកទាំងពីរ គឺ Lionel Messi និង ឪពុករបស់កីឡាករ ត្រូវបានព្រះរាជា្ញចោទប្រកាន់ថា បានបោកប្រាស់ អាជ្ញាធរមន្ដ្រីរបស់ប្រទេសអេស្ប៉ាញ ដោយគេចវេស បង់ពន្ធចូលរដ្ឋ ដែលមានទឹកប្រាក់មិនក្រោម ៥លានដុល្លារនោះទេ ។
ព្រះរាជអាជ្ញាជាច្រើនរូប បានចោទប្រកាន់ថា លោក Jorge Messi បានគេចវេសពីការបង់ពន្ធ ប្រាក់ចំណូលរកបានរបស់កូនប្រុសរបស់គាត់ ដោយយកលេសបើកក្រុមហ៊ុន បាំងមុខ២ កន្លែង ក្នុងប្រទេស Belize និង Uruguay កាលពីឆ្នាំ ២០០៧ និង ២០០៩ ។ ស្របពេលដែល មេធាវីរបស់ Messi បានអះអាងទៀតថា កីឡាករ មិនដែលធ្លាប់បានយកចិត្ដទុកដាក់នឹងស្វែងយល់ពី លិខិតកិច្ចកុងត្រា ទាំងអស់នោះឡើយ គ្រប់យ៉ាងគឺលោក Jorge Messi ជាអ្នករៀបចំ។
តុលាការកំពូល ក្រុង Barcelona បានថ្លែងកាលពីសីហា ថា Messi គួរតែមិនអាចលើកលែងទោសបាននោះទេ ពីបទមិនដឹងរឿងរ៉ាវអ្វីទាំងអស់ ដែលបានកើតឡើងជាមួយនឹង សេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែល ជាផ្នែកមួយនៃការរៀបចំរបស់ឪពុកខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណា ពេលនេះ កីឡាករនឹងមិនត្រូវ ជាប់កាចោទប្រកាន់តទៅទៀត ឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី