(ភ្នំពេញ)៖ ជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នៅក្នុងវគ្គជម្រុះពានរង្វាន់ 2019 AFC Asian Cup នឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា)។ ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើមយើងត្រូវដឹងថា ជំនួបលើកចុងក្រោយរវាងក្រុមទាំងពីរ គឺក្រុមឆាយនីសតៃប៉ិ បានប្រកួតចាញ់ជម្រើសជាតិកម្ពុជា ២-០ លើកទឹកដីខ្លួនក្នុងជំនួបមិត្តភាព កាលពីខែតុលា ឆ្នាំ២០១៤ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមគោព្រៃកម្ពុជា អាចមានសំណាងបន្ដយកឈ្នះការប្រកួតផ្លូវការនេះទៀត ឬក៏យ៉ាងណា?
រយៈពេលជិត ២ឆ្នាំមកហើយ ដែលកម្ពុជា និងឆាយនីសតៃប៉ិ ខានបានជួបគ្នា ប៉ុន្ដែក្រុមជម្រើសជាតិទាំងពីរ បានវិវត្តខ្លួនរីកចម្រើនគួរឲ្យកត់សម្គាល់។ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានលើកឡើងថា ឆាយនីសតៃប៉ិ មានភាពរីកចម្រើនខ្លាំង បើធៀបនឹង ២ឆ្នាំមុន ហេតុនេះជំនួបជើងទី១ រវាងកម្ពុជា និងឆាយនីសតៃប៉ិ គឺមិនអាចទស្សន៍ទាយលទ្ធផលទុកមុនបានទេ ពិសេសគឺក្រុមជម្រើសជាតិកម្ពុជា មិនអាចធ្វេសប្រហែសឡើយ បើទោះបីកាលឆ្នាំ២០១៤ កម្ពុជា ធ្លាប់ឈ្នះម្ដងក៏ពិតមែន។
គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បាននិយាយមុនឡើងយន្ដហោះថា ជំនួបខាងលើ លោកនឹងព្យាយាមប្រើទម្រង់លេងការពារឲ្យបានរឹងមាំ បន្ទាប់មកទើបលោកដាក់កីឡាករសំខាន់ៗ ឲ្យធ្វើការវាយបកវិញ ក្រោយទទួលបានបាល់គ្រប់គ្រង។ លោកមិនទាន់ដឹងលទ្ធផលយ៉ាងណាឡើយ ប៉ុន្ដែលោកបានប្ដេជ្ញាចិត្ដថា ការប្រកួតនេះ កូនក្រុមលោកត្រូវតែធ្វើបានល្អ ទាំងការប្រើល្បឿន និងការប្រើល្បិច ព្រោះលោកមិនចង់ស្មើ ឬចាញ់នោះទេ គឺត្រូវការឈ្នះដាច់ខាត។
ការលើកឡើងរបស់គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជាខាងលើនេះដែរ គឺស្របពេលគ្រូបង្វឹកក្រុមឆាយនីសតៃប៉ិ លោក Toshiaki Imai ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកខ្លួនថា ជំនួបល្ងាចនេះ លោកមិនចង់ឲ្យរបូតគ្រាប់បាល់នោះទេ ផ្ទុយទៅវិញលោកនឹងជំរុញកូនក្រុម ឲ្យបង្កើនឱកាសស៊ុតបញ្ចូលទី សម្រាប់សម្រេចគោលដៅដណ្ដើមកៅអី វគ្គបន្ដនៃពានរង្វាន់ 2019 AFC Asian Cup ។ ប៉ុន្ដែលោកក៏មានការព្រួយបារម្ភផងដែរ ព្រោះក្រុមឆាយនីសតៃប៉ិ ធ្លាប់ត្រូវកម្ពុជាបំបាក់ក្នុងទឹកដី ២-០ ម្ដងកាលពីឆ្នាំ២០១៤៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី