CamNews

តារា 

ថន លក្ខិណា កប់យោបល់ ពេលឮព័ត៌មានថាមាន​ ស្នេហាជាមួយកូនថៅកែក្លឹប

ភ្នំពេញ៖ ថ្មីៗនេះព័ត៌មានបែកធ្លាយ ចេញមកថា តារាសម្តែង និងជាពិធីការិនី កញ្ញា ថន លក្ខិណា បានភ្ជាប់ទំនាក់ទំនងស្នេហា ជាមួយបុរសវ័យក្មេង កូនប្រុសរបស់លោកថៅកែក្លឹប ក្នុងក្រុងភ្នំពេញម្នាក់ និងបានសាងភាព ស្និទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នាទៀតផង ។ប៉ុន្តែព័ត៌មាននេះ ត្រូវបាន កញ្ញា ថន លក្ខិណា ចេញមុខបដិសេធថា ពុំមែនជាការពិតនោះទេ ។

បើយោងតាម ប្រភពព័ត៌មាន និយាយរអេចរអូច បានឲ្យដឹងថា មួយរយៈនេះ គេឧស្សាហ៍បានឃើញ តារាសម្តែង ថន លក្ខិណា បណ្តើរបុរសវ័យ ប្រហាក់ប្រហែលគ្នា ចេញក្រៅជាញឹកញាប់ ក្នុងលក្ខណៈខុសប្លែក ពីមិត្តភក្តិ៍ធម្មតា ។ បុរសខាងលើនេះ ត្រូវបានគេដឹងថា ជាកូនប្រុសរបស់លោក ថៅកែក្លឹបកម្សាន្តធំមួយ នៅក្នុងក្រុងភ្នំពេញ ហើយជាប្រចាំ១សប្តាហ៍ម្តង គេតែងបានឃើញ បុរសម្នាក់នោះ យកឡានមកចាំទទួល ថន លក្ខិណា ចេញទៅកម្សាន្ត និងញ៉ាំអាហារ នៅតាមផ្សារទំនើបៗទៀតផង ។

ផ្តល់សម្ភាសន៍តាមទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY នៅរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះកញ្ញា ថន លក្ខិណា និយាយទាំងអារម្មណ៍ មិនសប្បាយចិត្តថា នាងមិនបានដឹងទេ ចំពោះរឿងនេះ ហើយក៏មិនបានស្គាល់ បុរសណាម្នាក់ ជាកូនថៅកែក្លឹបអ្វីដែរ ។

លក្ខិណា បាននិយាយបន្តថា "អូ! ខ្ញុំអត់ដឹងនិយាយថាម៉េចទេ? វាមិនមែនការពិតផងហ្នឹង ខ្ញុំហួសចិត្តណាស់ព្រោះថា មិនមែនជាការពិត..!" ។ លក្ខិណា ក៏បានបញ្ចេញប្រតិកម្ម ចំពោះសារព័ត៌មាន ក្នុងស្រុកមួយចំនួន ដែលបានសរសេរចុះផ្សាយ ពីរឿងថា នាងលួចទាក់ទង ជាមួយកូនថៅកែក្លឹប ។

កញ្ញា ថន លក្ខិណា បានបញ្ជាក់ថា អ្វីដែលគេបាននិយាយនេះ គឺធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាង ក្នុងនោះ លក្ខិណា ក៏បានសម្តែងអារម្មណ៍ខឹងផងដែរ ចំពោះការចុះផ្សាយ និង និយាយព័ត៌មានមិនពិតពីនាង ។ ទន្ទឹមនឹងគ្នានេះដែរ កញ្ញា ថន លក្ខិណា ក៏បានបន្ថែមថា នាងសូមបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានទំនាក់ទំនងស្នេហា ជាមួយបុរសកូនថៅកែក្លឹបខាងលើនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh