CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ចិត្ដ! អ្នកទោសនយោបាយចិនស្លាប់ បង្កក្ដីសោកសង្រែងដល់ពលរដ្ឋចិនរាប់រយលាននាក់

មនុស្សជាច្រើននិយាយថា វីរបុរសដ៏អស្ចារ្យស្នេហាជាតិជាច្រើនរូប ដែលបានតស៊ូលះបង់ជីវិតដើម្បីសេរីភាពរបស់មនុស្សជាតិ បានចាប់កំណើតមកលើភពផែនដី  ហើយក៏បានលាចាកលោកទៅវិញ ដែលការតស៊ូលះបង់របស់បុព្វបុរសទាំងនោះ គឺជារឿងរ៉ាវដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលចំណារលើទំព័រប្រវត្តិសាស្ត្រ និងសៀវក្បួនច្បាប់នានា ដើម្បីផ្ដល់គំរូរីរៈភាពដល់មនុស្សជំនាន់ក្រោយ តួយ៉ាងដូចជាតួអង្គនយោបាយ លោក Martin Luther King Jr. លោក Mahatma Ghandi ឬលោក Abraham Lincoln ជាដើម។



កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងបន្ទប់មន្ទីរពេទ្យនៃសាកលវិទ្យាល័យមួយ ស្ថិតក្នុងទីក្រុង Shenyang ប្រទេសចិន ចម្ងាយប្រមាណ ៤០០ ម៉ាយល៍ភាគឦសាននៃទីក្រុងប៉េកាំង ប្រជាជនប្រមាណ ១,៤  ពាន់លាននាក់ បានបាត់បង់វីរៈជននយោបាយ លោក Liu Xiaobo ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពទាំងជាប់ពន្ធនាគារ និងជាវីរបុរសសិទ្ធិមនុស្សដ៏ល្បីល្បាញរបស់ប្រទេសចិន។ ការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកថ្លើមរបស់លោក Liu ត្រូវបានអាជ្ញាធរចិនពន្យារពេលរហូតដល់ជំងឺរបស់លោក វិវត្ដដល់ស្ថានភាពធ្ងន់ធ្ងរ ដែលមិនអំណោយផលដល់ការព្យាបាលឱ្យបានធូរស្រាល។ ភរិយារបស់លោក គឺលោកស្រី Liu Xia បាននិយាយថា៖ "ស្ថានភាពជំងឺរបស់ស្វាមីលោកស្រី មិនអំណោយផលដល់ការវះកាត់ មិនអាចធ្វើការព្យាបាលដោយវិទ្យុសកម្ម និងមិនអាចព្យាបាលដោយប្រើគីមីបានឡើយ" ។



ទោះជាយ៉ាងណាក៏ដោយ អ្នកទោសនយោបាយស្នេហាជាតិវ័យ ៦១  ឆ្នាំរូបនេះ ត្រូវបានគេចាត់មនុស្សឱ្យតាមឃ្លាំមើលជានិច្ច នៅក្នុងមន្ទីរពេទ្យ ហើយត្រូវបានបដិសេធនៅនាទីចុងក្រោយ មិនឱ្យបញ្ជូនគាត់ទៅទទួលការព្យាបាលកម្រិតខ្ពស់ នៅក្នុងប្រទេសអាឡឺម៉ង់ ឬអាមេរិកឡើយ។ រដ្ឋាភិបាល ដែលដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) បានទទួលជោគជ័យក្នុងភាពប្រុងប្រយ័ត្នររបស់ខ្លួនទាំងភ័យខ្លាច ក្នុងការបិទមាត់ លោកលីវ មិនឱ្យនិយាយពីភាពកម្សោយ និងភាពបរាជ័យរបស់ខ្លួន នៅលើគ្រែសម្រាប់ស្លាប់របស់គាត់។

ប្រទេសចិន បានបង្កើតជំហរដ៏គួរឱ្យភ័យខ្លាច នៅក្នុងប្រវត្តិសាស្ត្រ តាមរយៈសកម្មភាពរបស់ខ្លួន។ ណាស៊ីអាឡឺម៉ង់ គឺជារបបចុងក្រោយបំផុត ដែលទទួលបានជ័យលាភីណូបែលសន្តិភាព នៅក្នុងពន្ធនាគាររហូតដល់ថ្ងៃស្លាប់ ពោលគឺអ្នកស្វះស្វែងសន្តិភាពជនជាតិអាឡឺម៉ង់លោក Carl von Ossietzky ដែលបានទទួលមរណភាព ដោយសារការប្រព្រឹត្តិអំពើខុសឆ្គងដាក់ថ្នាក់ដឹកនាំ នៅឆ្នាំ ១៩៣៨ ។

សកម្មជនគួរឱ្យគោរពកោតសរសើរលោក Liu បានប្តេជ្ញាចិត្ត ក្នុងជីវិតរបស់លោកដើម្បីទាមទារសេរីភាពជូនមនុស្សជាតិ ដោយជម្រុញឱ្យលោកសុខចិត្ដលះបង់អាហារូបករណ៍ទស្សនកិច្ចនៅអាមេរិករបស់លោក ដើម្បីចូលរួមធ្វើបាតុកម្ម នៅទីលានធៀនអានម៉េន ក្នុងឆ្នាំ ១៩៨៩  ដែលលោក បានធ្វើកូដកម្មបង្អត់អាហារ ដោយរួមសាមគ្គីភាពជាមួយពួកសិស្សនិស្សិត។ លោក Liu បានចរចាដកខ្លួនថយពីទីលាន បន្ទាប់ពីការបាញ់រះបានចាប់ផ្តើម ក្នុងគោលបំណងដើម្បីជួយសង្រ្គោះជីវិតរបស់ក្រុមនិស្សិតឱ្យរួចផុតពីក្ដីស្លាប់។

លោកបានចំណាយពេល ២១ ខែនៅក្នុងពន្ធនាគារ ដោយសាររឿងបាតុកម្មនេះ ដែលធ្វើឱ្យលោកបាត់បង់តួនាទីរបស់ខ្លួន។ ក្រោយមក ទោះបីជាមានឱកាសចាកចេញពីប្រទេសចិនក៏ដោយ លោក  Liu ក៏នៅតែក្រាញននេលមិនព្រមចាកចេញ។ នៅឆ្នាំ ២០០៨ លោកជាមនុស្សដំបូងបង្អស់ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលអំពាវនាវឱ្យមានសេរីភាពទូលំទូលាយ នៅក្នុងប្រទេសចិន។ ជាការឆ្លើយតប លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ក្នុងឆ្នាំ ២០០៩។

ខណៈពេលដែលលោក ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ប្រទេសចិន បានបន្តភាពរីកចម្រើនរបស់ខ្លួន ចូលទៅក្នុងអំណាចសកល ក្រោមការដឹកនាំរបស់លោក ស៊ី។ ប្រទេសនេះ បានក្លាយទៅជាប្រទេសប្រកបដោយគ្រោះថ្នាក់ នៅលើឆាកពិភពលោក ដែលប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោក Trump ព្រមទាំងមេដឹកនាំពិភពលោកផ្សេងទៀត បានថមថយឥទ្ធិពល ក្នុងការការពារលោក Liu ដោយបើកចំហជាសាធារណៈ។ សូម្បីតែ នៅថ្ងៃព្រហស្បតិ៍នេះ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីសកម្មជនដ៏មានឥទ្ធិពលរូបនេះ បានទទូលមរណភាព លោក Trump បានឈរនៅចំពោះមុខអ្នកសារព័ត៌មាន កោតសរសើរលោក Liu ដោយនិយាយថា គាត់គឺជាមនុស្សអស្ចារ្យ គាត់គឺជាមនុស្សល្អ ... គាត់ស្រឡាញ់ប្រទេសចិន... គាត់ចង់ធ្វើអ្វី ដែលត្រឹមត្រូវសម្រាប់ប្រទេសចិន”។

វាគ្មានអ្វីអស្ចារ្យគួរឱ្យកោតសរសើរនោះទេ សម្រាប់មេដឹកនាំផ្តាច់ការ ដែលកាត់ទោសវីរៈជនសន្តិភាព រហូតដល់ស្លាប់។ ហើយអ្នកដែលស្លាប់នោះ គឺជាលោក Liu Xiaobo ដែលស្រឡាញ់ប្រទេសចិន ហើយចង់ឱ្យមេដឹកនាំប្រព្រឹត្ដត្រឹមត្រូវតាមរយៈ អំណាចរបស់ខ្លួន។ អ្វីដែលមានឥទ្ធិពលបំផុតនោះ គឺចក្ខុវិស័យរបស់លោក ដែលថា លោក លីវ អាចជាមនុស្សដំបូងគេ ដែលនិយាយថា ការស្លាប់របស់លោក គ្រាន់តែជាការផ្អាកមួយរយៈប៉ុណ្ណោះ នៅក្នុងការស្វែងរកសន្ដិភាព។

លោកលីវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលរូបលោក ត្រូវបានឃុំឃាំងថា៖ "ខ្ញុំជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពនយោបាយរបស់ប្រទេសចិន នឹងមិនបញ្ឈប់ឡើយ" ។ គ្មានកម្លាំងណាមួយ ដែលអាចបញ្ចប់ការស្វែងរកសេរីភាពរបស់មនុស្សនោះទេ ហើយនៅទីបំផុត ប្រទេសចិន នឹងក្លាយជាប្រទេសមួយ ដែលត្រូវបានគ្រប់គ្រងដោយច្បាប់ ជាទីដែលសិទ្ធិមនុស្ស ត្រូវបានកាន់កាប់ដោយឋានសួគ៌"៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ USATODAY


Tags: International news