CamNews

តារា 

យ៉ែម សំអូន កណ្តោច​កណ្តែង​បាត់​ប្រពន្ធ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញ វត្តមានអ្នកសិល្បៈ និងបងប្អូនប្រជាពលរដ្ឋ បាននាំក្រុមគ្រួសារ ទៅវត្តជួបជុំរួមគ្នា ធ្វើបុណ្យយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងគ្នានោះ គេឃើញវត្តមានតារាសម្តែង និងជាតារាចម្រៀង លោក យ៉ែម សំអូន បែរជាមានភាពកណ្តោចកណ្តែង ទៅវត្តតែម្នាក់ឯង ក្រោយពីលោកបានបែកបាក់ ជាមួយភរិយា រូបស្អាតមក ដែលមើលទៅលោកហាក់ដូចជា កំសត់ខ្លាំងណាស់ ។

នាពេលកន្លងមក តារាសម្តែងប្រុសរូបស្អាត លោក យ៉ែម សំអូន តែងតែបង្ហាញវត្តមាន ដោយមានការបណ្តើរភរិយា អ្នកនាង យ៉ាន លីនដា គ្រប់កម្មវិធី ប្រៀបដូចជា លលកញីឈ្មោល មិនដែលបែកគ្នាឡើយ ដោយមើលទៅស្វាមីភរិយាមួយគូនេះ ស្រលាញ់គ្នា ល្អូកល្អឺនខ្លាំងណាស់។ បន្ទាប់ពីតារាប្រុសរាងខ្ពស់ស្រឡះ លោក យ៉ែម សំអូន បានផ្ទុះហឹង្សារហូតដល់ វាយភរិយា ជាំមុខជាំមាត់មក ភរិយារបស់លោកក៏បាន បោះជំហានចាកចេញពីលោក ទៅរស់នៅអូស្ត្រាលី ដោយបន្សល់ទុក ឲ្យលោករស់នៅកណ្តោចកណ្តែង កំព្រាតែម្នាក់ឯង ។

អ្វីដែលទស្សនិកជន មានការចាប់អារម្មណ៍ ចំពោះភាពសោកសៅរបស់ លោក យ៉ែម សំអូន នោះគឺ នៅពេលដែលលោក ទៅណាមកណាម្តងៗ លោកតែងតែផ្លាស់ប្តូរ ដៃគូសម្តែង និងច្រៀងពីមួយទៅមួយ ហើយនៅក្នុងនោះ សូម្បីតែការទៅចូលរួមកាន់បិណ្ឌ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានបង្ហាញវត្តមាន ទៅវត្តតែម្នាក់ឯង ខុសប្លែកពីពេលមុនៗ ដែលលោកទៅណាមកណា តែងមានគូបណ្តើរ ញញឹមគ្រប់កម្មវិធី ។

សូមជម្រាបផងដែរថា ក្រោយពីលោក យ៉ែម សំអូន បានប្រើហឹង្សាដាក់ភរិយា អ្នកនាង យ៉ាន លីនដា មក ពួកគេទាំងពីរនាក់ បានរស់នៅបែកគ្នា ។ មិនតែប៉ុណ្ណោះ នៅពេលជួបបញ្ហានោះ ភរិយារបស់លោក បានប្រកាសក្តែងៗថា នឹងលែងលះស្វាមី ហើយមិនវិលមករួមរស់ជាមួយគ្នា តទៅទៀតទេ ។ រហូតមកដល់ពេលនេះ ចំណងស្នេហា របស់ស្វាមីភរិយាមួយគូនេះ ហាក់នៅទ្រឹងស្ងៀម ពុំមានអ្វីប្រែប្រួលថ្មីនោះទេ ហើយសម្រាប់រឿងរ៉ាវ លែងលះ ក៏ស្ងប់ស្ងាត់ ចំណែកម្ចាស់សាម៉ីខ្លួន លោក យ៉ែម សំអូន ក៏បដិសេធន៍មិននិយាយ ពីរឿងលែងលះនេះតទៅទៀតដែរ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Long bunheng Star news local news