ភ្នំពេញៈ វីជេ រតនា ក្រោយពីដើរ ដល់ផ្លូវបែកបាក់ ជាមួយគូស្នេហ៍ រួមដំបូលតែមួយ នាង សន នាងផល្លីកា កាលពីពាក់កណ្តាល ឆ្នាំ២០១៤មក លោកត្រូវបានទស្សនិកជន និងអ្នកគាំទ្រ ដាក់រហស្សនាមឲ្យថា ជាបុរសអភ័ព្វស្នេហ៍ ប៉ុន្តែពេលនេះ លោកបានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ដើម្បីបង្ហាញឲ្យអតីតសង្សារចាស់ បានឃើញពីក្តីសុខ និងស្នេហាផ្អែមល្ហែមរបស់ខ្លួន ក្រោយបែកបាក់គ្នា។
អស់រយៈពេលជិតមួយឆ្នាំ ហើយដែលពិធីករ ប្រចាំស្ថានីយទូរទស្សន៍ My TV វីជេ រតនា បានសម្ងំរស់នៅជាមួយភាពឈឺចាប់ ខ្លោចផ្សារ ដោយសារតែគូស្នេហ៍កំសត់កម្រ នាង ផល្លីកា ផ្តាច់ទំនាក់ទំនងស្នេហ៍ មិនស្តាយស្រណោះ អនុស្សាវរីយ៍ផ្អែមល្ហែម ដោយសារតែមានអ្នកទី៣ មានទ្រព្យសម្បត្តិ ចូលជ្រែកស្នេហ៍របស់ពួកគេ។ ជានិច្ចកាលគេតែងឃើញ លោកបង្ហាញអារម្មណ៍ និងទឹកមុខសោកសៅ ជាប្រចាំរហូតដល់ លោកបានទទួលរហស្សនាម ពីមហាជនថា ជាបុរសអភ័ព្វស្នេហ៍ ថែមទៀតផង ។
បើទោះបីជា ចំណងស្នេហ៍អតីតនេះ បានធ្វើឲ្យវីជេ រតនា ឈឺចាប់សម្រក់ទឹកភ្នែក កម្រិតណាក៏ដោយ ប៉ុន្តែពេលវេលាបាន ព្យាបាលការឈឺចាប់ របស់លោក ឲ្យជាសះស្បើយបន្តិចម្តងៗ ទៅតាមពេលវេលា ។រហូតមកដល់ពេលនេះ លោកក៏បានចាប់ផ្តើម បើកបេះដូងជាថ្មី ដោយបានទទួលយកនារី រូបស្រស់សោភាវ័យក្មេងម្នាក់ មកធ្វើជាគូស្នេហ៍ ជាលើកទី២ ដើម្បីសាងភាពផ្អែមល្ហែម ជាមួយគ្នា ។
ក្រោយពីតារារូបនេះ បានជួបស្នេហាថ្មីមកទឹកមុខ ហាក់មានភាពស្រស់ស្រាយ និងចាប់ផ្តើមជោគជ័យ ការងារកាន់តែច្រើន ។ មិនតែប៉ុណ្ណោះជានិច្ចកាល លោកតែងតែថតរូបបង្ហាញ កាយវិការឱបរឹត ស្និទ្ធស្នាល ជាមួយគូស្នេហ៍ថ្មី បង្អួតអ្នកលេង Facebook ជាប្រចាំ ឲ្យតែពួកគេ បានទៅណាមកណា ជាមួយគ្នាម្តងៗ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល