(បាសេឡូណា)៖ ក្រុមការពារតំណែងជើងឯក FC Barcelona និងក្រុមលេងនៅ La Liga ដូចគ្នា Celta Vigo បាន ឡើងទៅឈរចាំមុនក្នុងវគ្គ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២អេស្ប៉ាញ Copa del Rey ក្រោយពី ទម្លាក់គូប្រជែងរៀងៗខ្លួនយប់មិញនេះ ។
ក្រុមឈ្នះជើងឯក៥ពាន កាលពីឆ្នាំ២០១៥ Barcelona បន្តធ្វើបានល្អដដែល ក្នុងជើងទី២យប់មិញនេះក្នុងវគ្គ៨ក្រុម ចុងក្រោយ ដោយបានវាយបកឈ្នះ ក្រុមភ្ញៀវ Athletic Bilbao ៣-១ នៅកីឡដ្ឋាន Camp Nou ក្រោយពេលដែល កីឡាករ Inaki Williams បានស៊ុតគ្រាប់នាំមុខឲ្យ Bilbao នៅនាទីទី១២ មុនពេលតារាឆ្នើម Luis Suarez, Pique និង Neymar រកបានម្នាក់១គ្រាប់ឈ្នះវិញនៅនាទីទី៥៣ ៨១ និងចុងម៉ោងនាទីទី៩០ ។
សូមរំលឹកដែរថា កាលពីជើងទី១នៅទឹកដីរបស់ Bilbao ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកល្អបំផុតឆ្នាំ២០១៥ Luis Enrique នោះ ក៏បានយកឈ្នះ ២-១ ផងដែរ ដោយសរុបលទ្ធផលទាំងពីរជើង គឺ Barcelona ៥ និង Athletic Bilbao ២ ។
ងាកមកមើលក្រុមកំពុងឡើងជើងខ្លាំង Celta Vigo វិញ បានយកឈ្នះម្ចាស់ផ្ទះ Atletico Madrid ៣-២ ដោយមិននឹក ស្មានឡើងទៅវគ្គ៤ក្រុមចុងក្រោយ បើទោះបីជាជើងទី១ក្នុងទឹកដីរបស់ខ្លួន (Celta Vigo) មិនអាចធ្វើអ្វីក្រុមរបស់លោក Diego Simeone ក៏ដោយ ដោយរក្សាលទ្ធផល ០-០ ខណៈដែលអវត្តមាន ក្រុមខ្លាំង Real Madrid ដោយសារតែជាប់ បម្រាមរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ កាត់ចេញពីពាន Copa del Rey តាំងពីក្នុងវគ្គ១៦ក្រុម ក៏ព្រោះតែដាក់ កីឡាករជាប់បម្រាមចូលលេងក្នុងវគ្គ៣២ក្រុមនោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី