CamNews

ព័ត៌មានអន្តរជាតិ 

សភាសហរដ្ឋអាមេរិកចេញសេចក្ដីសម្រេចបញ្ចប់ជំនួយយោធា នៅយេមែន

សភាតំណាងអាមេរិកចេញសេចក្ដីសម្រេច HJRes 37 កាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យដកកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកពីការវាយប្រយុទ្ធ នៅសាធារណរដ្ឋយេមែន ។

សេចក្ដីសម្រេចនោះ ថ្លែងថា មានតែសភាប៉ុណ្ណោះទើបមានយុត្ដាធិការ ក្នុងការប្រកាសសង្រ្គាម ។ សភាពុំបានធ្វើសេចក្ដីប្រកាសសង្រ្គាមណាមួយប្រឆាំងតទល់នឹងចលនាហួទី នៅសាធារណរដ្ឋយេមែន ដែលជាគោលដៅវាយប្រហាររបស់កងកម្លាំងអារ៉ាប៊ីសាអូឌីតឡើយ ។ កងកម្លាំងប្រដាប់អាវុធរបស់អាមេរិក បានគាំទ្រអារ៉ាប៊ីសាអូឌីត តាមរយៈជំនួយដាក់គោលដៅវាយប្រហាតាមអាកាស ការរួមចំណែកស៊ើបអង្កេត និងការចាក់បំពេញប្រេងឱ្យពេលវាយប្រហារតាមអាកាសបានពាក់កណ្ដាលទី ។

សេចក្ដីសម្រេចនេះ ផ្ដល់រយៈពេល ៣០ ថ្ងៃដល់លោកប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីដកកងកម្លាំងប្រដាប់អាវុធចេញពីការវាយប្រហារ បើពុំដូច្នោះទេនឹងប៉ះពាល់ដល់សាធារណៈរដ្ឋយេមែន ។ កងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធនឹងប្រតិបត្ដិការវាយប្រហារសំដៅមកលើអាល់កៃដា នៅតំបន់នេះ នឹងរួចផុតពីសេចក្ដីសម្រេច ។ សេចក្ដីសម្រេចនេះ ក៏មិនដាក់កំហិតរឹតបន្ដឹងចំពោះការរួមចំណែកស៊ើបអង្កេតដែរ ។

ខ្លឹមសារនោះក៏បានបញ្ជាក់ផងដែរថា សេចក្ដីសម្រេចនេះ ពុំប៉ះពាល់ដល់ប្រតិបត្តិការទាំងឡាយរបស់យោធា និងសហប្រតិបត្ដិការជាមួយអ៊ីស្រាអែលនោះទេ ។ 

ក្នុងរយៈពេល ៩០ ថ្ងៃ ប្រធានាធិបតី ត្រូវបានតម្រូវឱ្យដាក់ជូនសភានូវរបាយការណ៍ ដែលលម្អិតអំពីផលប៉ះពាល់ពីការដកកងកម្លាំងប្រដាប់អាវុធ ទៅលើហានិភ័យ ដែលបានកើតឡើងចំពោះសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងវិបត្ដិមនុស្សធម៌ក្នុងតំបន់ ។ ប្រធានាធិបតី ក៏ត្រូវដាក់ជូនសភានូវរបាយការណ៍ស្ដីពីផលប៉ះពាល់ ទៅលើហានិភ័យនៃការវាយប្រហាភេរវកម្មប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ដ ។

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា អ្នកជំនាញការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានហៅប្រទេសយេមែនថាជា “ប្រទេស ដែលមានវិបត្ដិមនុស្សជាតិដ៏អាក្រក់បំផុតនៃពិភពលោក” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news Thailand