ឆ្មាំសមុទ្រកូរ៉េខាងត្បូង កាលពីម្សិលមិញ បានប្រើប្រាស់កាំភ្លើងយន្តជាលើកដំបូងដើម្បីគ្រប់គ្រង
និងចាប់កប៉ាល់នេសាទចិនដែលមករកត្រីដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេស
នេះ។
កប៉ាល់នេសាទចិនដែលចូលមកនេសាទដោយខុសច្បាប់ ត្រូវបានឆ្មាំសមុទ្រកូរ៉េខាងត្បូងចាប់បាន
នៅក្នុងលំហសមុទ្រនៃក្រុង Incheon ។ រូប ៖ Reuters
មូលដ្ឋានឆ្មាំសមុទ្រភាគកណ្ដាលរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា កងកម្លាំងនេះបានប្រើប្រាស់
កាំភ្លើងយន្ត M60 បាញ់ទៅលើនៅវេលាម៉ោង១៧ម្សិលមិញដើម្បីចាប់កប៉ាល់នេសាទចិនដែលធ្វើ
សកម្មភាពខុសច្បាប់នៅក្នុងលំហសមុទ្រនៃក្រុង Incheon។
Yonhap ដកស្រង់សំដីរបស់មន្ដ្រីម្នាក់ ឱ្យដឹងថា ក្នុងហេតុការណ៍នេះ មិនមានអ្នកនេសាទណា
ម្នាក់រងរបួស ហើយក៏មិនមានការខូចខាតទ្រព្យសម្បត្តិអ្វីនោះដែរ។ យោងតាមឆ្មាំសមុទ្រកូរ៉េខាង
ត្បូង ពួកគេត្រូវផ្ទុះអាវុធដោយសារតែបណ្ដាកប៉ាល់នេសាទចិន រកវិធីគេចខ្លួន។
គួររំលឹកថា កាលពីថ្ងៃទី ៧តុលា នាវាល្បាតសមុទ្រមួយគ្រឿងរបស់កូរ៉េខាងត្បូង ត្រូវបានកប៉ាល់
នេសាទចិនមួយគ្រឿង បុកពន្លិច ពេលកំពុងចូលរួមចាប់កប៉ាល់នេសាទខុសច្បាប់របស់ចិន នៅ
ក្នុងលំហសមុទ្រភាគខាងលិចរបស់កូរ៉េខាងត្បូង។ ក្រុង Seoul ក្រោយមក បានព្រមានប្រើប្រាស់
អាវុធដើម្បីចាប់កប៉ាល់នេសាទចិនដែលចូលមកនេសាទដោយខុសច្បាប់។
ប្រែសម្រួល ៖ តារា
ប្រភព ៖ koreatimes