CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញមហាសមុទ្រក្រោមដីជម្រៅ ៦០០គីឡូម៉ែត្រ ៖ បើសមុទ្រនេះរីង ផែនដីនឹងងាប់ សត្វលោកនឹងត្រូវដាច់ពូជ

ក្រុមអ្នកសិក្សាស្រាវជ្រាវអន្តរជាតិបានរកឃើញមហាសមុទ្រទឹកនៅក្រោមដីជម្រៅពី ៤០០-៦០០
គីឡូម៉ែត្រ។ សមុទ្រនេះអាចបំបាត់សភាវមានជីវិតទាំងអស់ បើសិនវារីងស្ងួត។

អ្នកវិទ្យាសាស្ដ្រមួយក្រុម មកពីសកលវិទ្យាល័យ Florida អាមេរិក និងសកលវិទ្យាល័យ Edinburgh
ប្រទេសអង់គ្លេស បានរកឃើញភ័ស្ដុតាងដែលបញ្ជាក់អំពីវត្តមានរបស់មហាសមុទ្រនៅក្រោមដី
របស់ផែនដី នេះបើតាមការចុះផ្សាយរបស់ទំព័រ International Business Times។

នៅក្នុងរបាយការណ៍មួយដែលបានប្រកាសកាលពីថ្ងៃទី ១៨វិច្ឆិកា នៅលើទំព័រ PNAS។ ក្រុមអ្នក
វិទ្យាសាស្ដ្រ បានពិនិត្យមើលទៅលើ brucite ដែលជារ៉ែមួយប្រភេទដែលមានផ្ទុកជាតិទឹក ត្រូវបាន
គេជឿថា មិនមាន “ស្ថេរភាព” ក្នុងការរក្សាជាតិទឹកនៅក្នុងជម្រៅពី ៤០០-៦០០គីឡូម៉ែត្រ។ ការ
ពិសោធកន្លងមកនេះ បង្ហាញថា ធាតុរ៉ែនេះ ត្រូវរលាយក្នុងជម្រៅជ្រៅនៅក្រោមដី នឹងបញ្ចេញ
ជាតិទឹកដែលវាមាន។ ជាតិទឹកនេះត្រូវបានបញ្ជូនឡើងលើផ្ទៃខាងលើនៃផែនដី តាមរយៈសកម្ម
ភាពរបស់ភ្នំភ្លើង។

អ្នកវិទ្យាសាស្ដ្រ Mainak Mookherjee និង Andreas Hermann បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន
ហើយក៏បានរកឃើញថា ទឹកអាចត្រូវរក្សា និងជញ្ជូននៅក្នុងធាតុរ៉ែ brucite នៅក្នុងជម្រៅ ៤០០-
៦០០គីឡូម៉ែត្រ។

Mookherjee ឱ្យដឹងថា “យើងខ្ញុំមិនគិតថា ធាតុរ៉ែដែលបៀមជាតិទឹកដូច brucite អាចរក្សាទឹកក្នុង
លក្ខខណ្ឌបែបនេះ។ ប៉ុន្តែ ពេលនេះ យើងខ្ញុំដឹងថា វាមាននៅទីនោះ”។

Mookherjee ថ្លែងថា ទឹកដែលនៅជ្រៅក្នុងដី មានសារសំខាន់មិនចាញ់ទឹកនៅលើដីនោះទេ។ បើ
សិនទឹកនៅក្រោមដីត្រូវរីង ផែនដីនឹងត្រូវងាប់ ព្រោះតែសកម្មភាពរបស់ដីនៅក្រោមដី លែងមាន។

Mookherjee បន្តថា “បើសិនគេយកទឹកទាំងអស់ចេញពីក្រោមដី ផែនដីនឹងត្រូវហួតហែង។ បណ្ដា
សកម្មភាពរបស់ដីនៅក្រោមដី ត្រូវទទួលរងផលប៉ះពាល់ និងធ្វើសកម្មភាពយឺត។ ប្រការនេះនឹងមាន
ឥទ្ធិពលលើការបង្កើតសម្បកផែនដី ហើយនៅពេលសកម្មភាពបង្កើតសម្បកផែនដីត្រូវឈប់ដំណើរ
ការ វានឹងលែងមានភ្នំភ្លើង។ ភ្នំភ្លើងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសម្បករបស់ផែនដី ដូច្នេះ
អ្វីៗទាំងអស់នឹងឈប់ដំណើរការ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ ibtimes


Tags: មហាសមុទ្រក្រោមដី ទឹកក្រោមដី