(ភ្នំពេញ)៖ ចម្ងល់របស់អ្នកគាំទ្រជុំវិញសមាសភាពគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឆ្នាំ២០១៧ នឹងត្រូវស្រាយបំភ្លឺនៅរសៀលថ្ងៃទី០២ ខែមិនាស្អែកនេះ ។ ចាំមើលតើលោក Lee Tae Hoon ត្រូវបន្ដតំណែងជាគ្រូបង្វឹកក្រុមរហស្សនាម «គោព្រៃកម្ពុជា» នេះទៀត ឬមានសមាសភាពគ្រូថ្មី មកជំនួសតំណែងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ?
លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នៅរសៀលម៉ោង ៣៖០០នាទីថ្ងៃទី០២ ខែមិនាស្អែកនេះ សហព័ន្ធនឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីការប្រកាសសមាសភាពគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ។ ប៉ុន្ដែលោកមិនបានបង្ហើបពីតម្រុយគ្រូង្វឹកថ្មីនោះទេ គឺសូមអ្នកគាំទ្រ និងអ្នកសារព័ត៌មាន ចាំអ៊ុតលទ្ធផលទាំងអស់គ្នា ។
គួរបញ្ជាក់ថា ជុំវិញការប្រកាសរៀបចំសន្និសីទផ្លូវការ ដើម្បីបង្ហាញសមាសភាពគ្រូបង្វឹកជម្រើសជាតិនេះ គឺធ្វើឡើងស្របពេលលោក Lee Tae Hoon ដែលជាគ្រូបង្វឹកចាស់បានផុតកុងត្រាជាមួយ សហព័ន្ធតាំងពីចុងឆ្នាំ២០១៦មកម្លេះ ។ ដូច្នេះគេមិនទាន់ប្រាកដថា សហព័ន្ធនឹងផ្ដល់ទំនុកចិត្តឲ្យលោក Lee ដឹកនាំក្រុមជម្រើសជាតិបន្ដ ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិផ្សេងៗ ក្នុងឆ្នាំ២០១៧នេះ ឬផ្លាស់ប្ដូរគ្រូបង្វឹកថ្មីនោះទេ ។ ហេតុនេះមានតែចាំអ៊ុតលទ្ធផលថ្ងៃស្អែកប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង