ព័ត៌មានទាន់ហេតុការណ៍ ៖ យោងតាមរបាយការណ៍សំណេរពីសារព័ត៌មាន NBC និងរបាយការណ៍ពីទូរទស្សន៍ CNN ឱ្យដឹងថា អាជ្ញាធរនៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស បានសង្ស័យថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានទទួលខុសត្រូវចំពោះការវាយប្រហារ ទៅលើការប្រគុំតន្ត្រី Ariana Grande នៅឯឆាកប្រគំតន្រ្ដី Manchester Arena ។
បរិវេណឆាកប្រគំតន្រ្ដីអាចផ្ទុកមនុស្សបាន ២១,០០០ នាក់ ហើយគេជឿថា មានមនុស្សប្រមាណជាង ២០,០០០ នាក់បានចូលរួមការប្រគុំតន្រ្ដីនោះ។ នាពេលបច្ចុប្បន្នសាកសពអ្នកស្លាប់ មានចំនួន ១៩នាក់ និងជាង ៥០ នាក់ទៀតរងរបួស។ មនុស្សមួយចំនួនប្រហែលជារងរបួសពីការរត់ជាន់គ្នានៃអ្នកចូលទស្សនាការប្រគុំតន្ត្រី ដែលបានរត់ប្រសេចប្រសាច បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនោះ។
សង្ខេបហេតុការណ៍
ព័ត៌មាន Update នៅម៉ោង ៧: ៤២ នាទីល្ងាច (EST): ប៉ូលីសផ្នែកដឹកជញ្ជូនរបស់អង់គ្លេសបានអះអាងថា ការផ្ទុះនោះ បានផ្លោងចេញពីបរិវេណកន្លែងទទួលភ្ញៀវនៃពហុកីឡដ្ឋាន នៅវេលាម៉ោង ១០.៣០ នាទីល្ងាចនេះ។
ព័ត៌មាន Update នៅម៉ោង ៧:២៨ នាទីល្ងាច (EST): លោកស្រី Catherine MacFarlane បានប្រាប់ Reuters ថា៖ «យើងបានធ្វើដំណើរទៅដល់ពហុកីឡដ្ឋានោះ ហើយនៅពេលដែលយើងទៅដល់មាត់ទ្វារ ក៏មានការផ្ទុះយ៉ាងធំមួយកើតឡើង ហើយមនុស្សគ្រប់គ្នាក៏បានស្រែកឆោឡោឡើង"។«វាជាការបំផ្ទុះគ្រាប់បែកដ៏ធំមួយ ដែលអ្នកអាចលឺសម្លេងគងរំពងនឹងដើមទ្រូងរបស់អ្នក។ វាមានភាពច្របូកច្របល់ខ្លាំងណាស់ ។ មនុស្សគ្រប់គ្នា បានរត់ និងស្រែកឆោឡោឡើង ហើយព្យាយាមគេចខ្លួនចេញកពីន្លែងប្រគំតន្រ្ដីនោះ"។
សាក្សីឃើញហេតុការណ៍ លោក Josh Elliot បានប្រាប់ BBC ថា លោកបានឃើញ"បុរសម្នាក់ មានឈាមហូរស្រោចខ្លួន"។
លោកបាននិយាយថា៖ «ក៏មានស្ដ្រីម្នាក់ផងដែរ នៅក្រៅពហុកីឡដ្ឋាន ដែលមើលទៅនាងហាក់ដូចជារងរបួស ពីព្រោះនាងបានដួលទៅលើកម្រាលឥដ្ឋ»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា មូលហេតុ ដែលបង្កឱ្យមានរបួស គឺកើតចេញពីមនុស្ស ដែលព្យាយាមរត់គេចចេញពីកន្លែងប្រគំតន្រ្ដីឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន»។
លោកបាននិយាយថា ពេលអ្នកចម្រៀងរបស់ Grande កំពុងច្រៀងសុខៗ ក៏មានប៉េងប៉ោងដ៏ធំមួយ បានធ្លាក់មកលើឆាកប្រគំតន្រ្ដី។
លោកបានថ្លែងថា៖ «ពេលនោះខ្ញុំភ្ញាក់ព្រើត ហើយខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ ក៏បានក្រាបទៅលើឥដ្ឋ»។ «ខ្ញុំគិតថា វាគ្រាន់តែជាប៉េងប៉ោងមួយប៉ុណ្ណោះ ប៉ុន្តែទន្ទឹមនឹងនោះ នៅក្នុងស្ថានភាពបែបនេះ អ្នកមិនដឹងថា វាជាអ្វីឡើយ ហើយយកល្អ គួរតែយករួចខ្លួនសិន ប្រសើរជាងសោកស្តាយជាខាងក្រោយ "។
អ្នកស្រី Jane Pearson វ័យ ៤៦ ឆ្នាំជាគ្រូភាសាអង់គ្លេសកម្រិតវិទ្យាល័យមកពីទីក្រុង Chadderton បានទៅទស្សនាការប្រគំតន្ត្រីជាមួយកូនស្រីរបស់អ្នកស្រី គឺនាង Rachel អាយុ ២១ ឆ្នាំ នៅថ្ងៃខួបកំណើតរបស់នាង។ អ្នកស្រី បាននិយាយថា នៅក្នុងបរិវេណប្រគំតន្រ្ដី គឺសម្បូរទៅដោយក្មេងៗ ដែលចូលរួមទស្សនាការប្រគំតន្រ្ដី។
អ្នកស្រី Pearson បន្ថែមថា៖ "អ្នកប្រព្រឹត្ដ គឺជាមនុស្សអាក្រក់ជូរជាតិ ដែលគិតឃើញទង្វើដ៏សាហាវព្រៃផ្សៃបែបនេះ ក្រុមមនុស្សបែបនេះស័ក្ដិសមនឹងទទួលទោសធ្ងន់ធ្ងរបំផុត សម្រាប់ទង្វើរបស់ខ្លួន”។ "ខ្ញុំមិនដឹងថា អ្វីទៅចូលសណ្ឋិតក្នុងខួរក្បាលមនុស្សទាំងនេះទេ ដែលប្រាថ្នាចង់បង្កគ្រោះថ្នាក់ ដល់ក្មេងៗ និងក្រុមគ្រួសារ ដែលបានអញ្ជើញរួមគ្នា ក្នុងឱកាសដ៏សប្បាយរីករាយបែបនេះ។ វាជាទង្វើគួរឱ្យស្អប់ខ្ពើមក្រៃពេក”៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Dailymail