(ម៉ាដាហ្គាស្កា)៖ មនុស្សយ៉ាងហោចណាស់ ៤៥នាក់បានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងគូស្វាមីភរិយាថ្មី ដែលបានត្រៀមខ្លួនចូលរោងការផងដែរ ដោយសារតែរថយន្តដែលពួកគេជិះបានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទឹកទន្លេក្នុងក្រុង Anjozorobe ដែលមានចម្ងាយ ៩០គីឡូម៉ែត្រភាគឦសាននៃ រដ្ឋធានី Anjozorobe របស់ប្រទេសដីកោះម៉ាដាហ្គាស្កា ក្នុងតំបន់អាហ្វ្រិកខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។
អភិបាលក្រុង Anjozorobe បានប្រាប់ស៊ិនហួរតាមទូរស័ព្ទដូច្នេះថា «មនុស្សដែលបានស្លាប់ទាំង៤៥នាក់នោះ រួមមានកុមារ ០៩នាក់, ស្ត្រី ២៧នាក់, និងបុរស០៩នាក់ ខណៈមនុស្ស២៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ រថយន្តឡូរីបានដឹកមនុស្សសរុប៧០នាក់ មានទាំងសាច់ញាតិ របស់គូស្វាមីភរិយាថ្មីផងដែរ ដែលពេលមកដល់ចំណុចស្ពានមួយ វាក៏ជ្រុលចង្កូតធ្លាក់ចូលក្នុងទន្លេតែម្តង»។
គួរបញ្ជាក់ថាសម្រាប់មូលហេតុ ដែលបណ្តាលឲ្យកើតរឿងរ៉ាវដ៏អកុសល្យនេះឡើង នៅមិនទាន់មានការបញ្ជាក់នោះឡើយ ខណៈតៃកុងឡានក៏បានស្លាប់ផងដែរ។ តំបន់ដាច់ស្រយាលនៃប្រទេសម៉ាដាហ្គាស្កា ផ្លូវថ្នល់មានសភាពទ្រុឌទ្រោម និងខូចខាតខ្លាំង ដែលជាហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជារឿយៗ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង