(កណ្តាល)៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ស្រុកកណ្តាលស្ទឹង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានឃាត់ព្រះកាយព្រះសង្ឃមួយអង្គ គង់នៅវត្តពោធិ៍ឧត្តម ស្ថិតភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិរាង ខេត្តព្រៃវែង ក្រោយពីបានចូលរួមឆាន់ស្រា ជាមួយប្រជាពលរដ្ឋ៣នាក់ នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អង្គភាព Fresh News ថា ព្រះអង្គព្រះនាម ឡុង តារ៉ា ព្រះជន្ម ៣៦វស្សា គង់នៅវត្តពោធិ៍ឧត្តម បានឆាន់សូរ៉ានៅផ្ទះឈ្មោះ ប្រុស អាយុ៥៤ឆ្នាំ ទីលំនៅកន្លែងកើតហេតុ។
ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋានរួច កម្លាំងសមត្ថកិច្ចបានចុះទៅសួរនាំ និងឃាត់ព្រះកាយព្រះសង្ឃ និងកំពុងស្នើសុំទៅធម្មការស្រុក និងអនុគុណស្រុក ចាត់ការតាមធម៌វិន័យសង្ឃ៕
ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី