CamNews

តារា 

សាន្ត រ័ត្នបញ្ញាស័ក្តិ មុន​​ស្លាប់​ចង់​ឲ្យ​កូន​ខ្មែរ​ដឹង​ថា លោក​ក៏​មាន​បទ Original Song ច្រៀង​ដែរ

(ភ្នំពេញ)៖ តារាចម្រៀងប្រុស មានកេរ្តិ៍ឈ្មោះ​មិនសូវល្បីល្បាញ លោក សាន្ត រ័ត្នបញ្ញាស័ក្តិ​ បានប្រឡូកសិល្បៈមកទល់នឹងពេលនេះ មានរយៈពេល១០ឆ្នាំជាងហើយ តែ​មិនត្រូវបានគេស្គាល់ ឲ្យទូលលំទូលាយថា ជាតារាចម្រៀងល្បីល្បាញជួរមុខឡើយ​។ លោកត្រូវបានមហាជន ស្គាល់ច្រើនបំផុត នៅក្នុងឆ្នាំ២០០៧ ដែលពេលនោះលោកច្រៀង ជាដៃគូជាមួយ កញ្ញា សុគន្ធ នីសា ហើយល្បីល្បាញ ក្នុងបទចម្រៀង«សមុទ្រស្ងប់ខ្យល់» និង បទឆ្លងឆ្លើយជាមួយ សុគន្ធ នីសា ជាច្រើនបទទៀត។​

ក្រោយពី សុគន្ធ នីសា បានចាកចេញពីផលិតកម្ម ស្ប៉ាក ហើយឈានជើងចូលផលិតកម្ម ហង្សមាស អ្វីៗសម្រាប់លោក ត្រូវបានផ្លាស់ប្ដូរ ​ប្រែក្លាយជាស្ងប់ស្ងាត់ និងស្ទើរតែរកកន្លែង​ឈរជើងក្នុងសិល្បៈគ្មាន។ ក្រោយមកលោកក៏រៀបការជាមួយនារី អ្នកមានទ្រព្យម្នាក់ រួចក៏បាត់មុខឈឹងតែម្ដង ។ បច្ចុប្បន្នតារាចម្រៀង សាន្ត រ័ត្នបញ្ញាស័ក្តិ មាន​កូនប្រុសពីរនាក់ស្អាតៗ និង សង្ហាដូចជារូបលោកអ៊ីចឹង ។ តែលោកមិនព្រមបោះបង់ចោលសិល្បៈ ​ជាអ្វីដែលលោក​ស្រឡាញ់ឡើយ។

ថ្មីៗ នេះ លោក សាន្ត រ័ត្នបញ្ញាស័ក្តិ បានចេញបទចម្រៀងមួយបទមានចំណងជើងថា «ជីវិតនេះមិនឆាចោល» ​ដែលបានបញ្ជាក់ថា លោកមិនបោះបង់ការងារសិល្បៈងាយៗឡើយ លោកនឹងប្រឹងប្រែង ធ្វើអ្វីៗដើម្បីបទមច្រៀងខ្មែរ ងើបឡើងវិញ​។

លោកបាននិយាយ នៅក្នុងបណ្ដាញសង្គម​ផ្ទាល់ខ្លួនថា ​«មនុស្សគង់នឹងស្លាប់ តែមុននឹងស្លាប់ទៅយ៉ាងណា ក៏អាចឲ្យកូនខ្មែរមួយចំនួនស្គាល់ និងដឹងថា សាន រ័ត្នបញ្ញាស័ក្តិ ក៏បានច្រៀងបទ Original Song មិនចម្លងពីបរទេស ដូចពីមុនដែរ ហើយជាស្នាដៃកូនខ្មែរពិតៗ។ ពីថ្ងៃនេះទៅស៊ូក្រ ស៊ូមិនល្បី តែមិនខ្ចីលួចគេ​។ សូមបងប្អូនខ្មែរទាំងអស់ ជួយគាំទ្រ​បទភ្លេង ជាស្នាដៃរបស់កូនខ្មែរ (Original Song )ទាំងអស់គ្នាផង..!»៕

សាន្ត រ័ត្នបញ្ញាស័ក្តិ បានបន្តទៀតថា «ខ្ញុំដឹងថា វាពិបាកនឹងទាញផ្នត់គំនិត បងប្អូនមកទទួលយកអ្វី ដែលបង្កើតឡើងដោយកូនខ្មែរភ្លាមៗណាស់ សង្ឃឹមថា ពេលវេលា និងការស្រឡាញ់វប្បធម៌ព្រលឹងជាតិ របស់ខ្លួន នឹងធ្វើឲ្យខ្មែរគាំទ្ររស្នាដៃរបស់ខ្មែរ នៅថ្ងៃណាមួយមិនខាន។ សូមឲ្យព្រលឹងដូនតា វិរៈបុរសខ្មែរ ដែលធ្លាប់មានវប្បធម៌រុងរឿង និងកេរ្តិ៍ឈ្មោះល្បី តាំងពីយូរលង់ណាស់មកហើយនោះ ជួយឲ្យកូនខ្មែរគ្រប់រូប ចេះស្រឡាញ់គ្នា សាមគ្គីគ្នា គាំទ្រឲ្យតំលៃស្នាដៃរបស់គ្នា បញ្ឈប់នូវវប្បធម៌ចម្លងពីរបរទេស..!»។

នេះជាកាតស៊ូរបស់លោក សាន្ត រ័ត្នបញ្ញាស័ក្តិ ទោះបីពេលខ្លះ លោកស្ទើរបោះបង់ការងារនេះ ចោលម្ដងៗទៅហើយក្ដី ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: San rothpanhasak Star news local news