(ភ្នំពេញ)៖ តម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ស្វាគមន៍ក្រុមភ្ញៀវទីម័រខាងកើត ក្នុងមិត្តភាពអន្តរជាតិថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានកំណត់ថ្លៃហើយ គឺមានតម្លៃ ១០០០០រៀល សម្រាប់ក្នុងដំបូល និងតម្លៃ ៥០០០រៀល នៅក្រៅដំបូល នេះបើយោងតាម Facebook Page របស់សហព័ន្ធបាល់ ទាត់កម្ពុជា (FFC) ។
ប្រភពខាងលើដដែលបានបន្តថា សម្រាប់សំបុត្រចូលទស្សនាទាំងពីរប្រភេទនេះ នឹងចាប់ផ្តើមដាក់លក់ជាផ្លូវការចាប់ពី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ តទៅនៅពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលកីឡា The BLUE Sports Center និងហាងលក់សម្ភារៈកីឡា Home Sport original ហើយក៏មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការប្រកួតកម្តៅសាច់ដុំ និងដកស្រង់បទពិសោធន៍នេះនឹងចាប់ផ្តើមនាម៉ោង ៧៖០០នាទី យប់ថ្ងៃទី២៩ ឧសភា គឺត្រូវបានធ្វើឡើងដើម្បីសមជើង មុនប្រកួតជម្រុះបឋម ពានរង្វាន់ AFC Asian Cup UAE 2019 ដែលកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះចិនតៃប៉ិ ដើមខែមិថុនាខាងមុខនេះហើយ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង