CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក៖ បាញ់​គ្នា​ទៀត​ហើយ នៅ​រដ្ឋ​ផ្លូរីដា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​១៧​នាក់​របួស

(ផ្លូរីដា)៖ ការជប់លៀងរបស់យុវវ័យមួយក្រុម បានក្លាយជាអំពើហិង្សា​ប្រដាប់អាវុធ ដែលបានកើតឡើង​នៅរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក នាំឲ្យមនុស្ស ២នាក់ស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃ​ចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ហេតុការណ៍ បានកើតឡើងទាំងកណ្តាលយប់​ ក្នុងក្លឹបកម្សាន្តនៃទីក្រុង Fort Myers រដ្ឋផ្លូរីដា ហើយមូលហេតុដែលនាំ​ឲ្យ កើតមានការបាញ់បោះនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត​នៅឡើយ។ ការបាញ់ប្រហារនេះ​បានកើតឡើងតែ ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារក្នុង​ក្លឹបមនុស្សភេទទីបីមួយ ក្នុងទីក្រុង Orlando រដ្ឋផ្លូរីដាដដែល បានបណ្តាលឲ្យមនុស្សជាង ៥០នាក់ស្លាប់ និងរាប់សិននាក់ទៀត​រងរបួស។

ហេតុការណ៍បាញ់ប្រហារ បានកក្រើកឡើងគួរឲ្យព្រួយបារម្ភ នៅក្នុងរដ្ឋផ្លូរីដាតែឯងប៉ុណ្ណោះ ខណៈរឿងរ៉ាវនេះបាននាំ ឲ្យគណបក្សសាធារណរដ្ឋ ធ្វើការវាយប្រហារយ៉ាងខ្លាំង មកលើរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងស្រូបយកសំឡេង គាំទ្រយ៉ាងច្រើសលើសលប់​ផងដែរ តាមរយៈការសន្យា និងបង្កើតនយោបាយលុបបំបាត់​បញ្ហានេះ៕





ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង​


Tags: international news