ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនដឹកជញ្ជូនរបស់ជប៉ុន កំពុងធ្វើការជាមួយក្រុមអ្នកផលិតកប៉ាល់ ដើម្បីបង្កើតកប៉ាល់ដឹកទំនិញដែលអាចបើកបរដោយស័្វយប្រវត្តិ។ កប៉ាល់ "smart ships" នឹងប្រើប្រាស់ភាពវៃឆ្លាតក្នុងការបញ្ជារកប៉ាល់ដោយមានសុវត្ថិភាព ហើយនិងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៥។
ក្រុមហ៊ុននេះគ្រោងនឹងបង្កើតកប៉ាល់ប្រភេទនេះប្រមាណ ២៥០ គ្រឿង។ យ៉ាងណាមិញ ការបង្កើតបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់កប៉ាល់នេះ ត្រូវបានគេរំពឹងទុកថានឹងចំណាយអស់ប្រមាណ ១០ពាន់លាន យេន (រយលានដុល្លារអាមេរិក)។
យោងតាម Nikkei Asian Review ក្រុមហ៊ុនដឹកជញ្ជូន Mitsui OSK Lines និង Nippon Yusen កំពុងធ្វើការជាមួយក្រុមអ្នកផលិតកប៉ាល់ រួមទាំងកងម៉ារីនជប៉ុន ដើម្បីចែករំលែកថ្លៃចំណាយ និងជំនាញ។
ក្រុមហ៊ុន Nippon Yusen បាននឹងកំពុងធ្វើការលើផ្នែកបច្ចេកវិទ្យា ដើម្បីឲ្យកប៉ាល់អាចប្រើប្រាស់ទិន្នន័យ ក្នុងការបញ្ជៀសការប៉ះទង្គិចគ្នា។ កប៉ាល់ដំបូងគេ នឹងត្រូវការបុគ្គលិកមួយចំនួនដើម្បីពិនិត្យមើលលើការដំណើរការ។
នៅក្នងឆ្នាំ ២០១៦ ក្រុមហ៊ុន Rolls-Royce ក៏បានប្រកាសនូវគម្រោងក្នុងការបង្កើតកប៉ាល់ដឹកជញ្ជូនដោយមិនត្រូវការមនុស្ស ដោយការប្រើប្រាស់តេឡេបញ្ជារ ដែលអាចដំណើរឆាប់ៗក្នុងឆ្នាំ ២០២០ផងដែរ៕
ប្រភព ៖ BBC
ប្រែសម្រួល៖ High