(ប៉េកាំង)៖ ផ្លូវរអិល និងអាប់ក្រាស់ត្រូវបានគេជឿជាក់ថា បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយដែលមានការចូលរួមពីរថយន្តទាំងតូចទាំងធំចំនួន ៥៦គ្រឿង នៅតាមដងផ្លូវជំរាលភ្នំ ប៉េកាំង-គុនមីង នៃខេត្តសានស៊ី ភាគខាងកើតប្រទេសចិន ដែលបានឆក់យកជីវិតមនុស្ស ១៧នាក់ និងបង្ករបួសស្នាមរាប់សិបនាក់ផ្សេងទៀត។ នេះបើតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
មុនគ្រោះថ្នាក់មើលមិនយល់ខាងលើនេះឡើង ក្នុងតំបន់កើតហេតុបានទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ និងមានអ័ព្ទចុះយ៉ាងក្រាស់ក្រែលផងដែរ។ មនុស្សចំនួន ៣៧នាក់ត្រូវបានគេអះអាងថាបានទទួលរងរបួសទាំងធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ខណៈមូលហេតុច្បាស់លាស់ដែលបង្កជាគ្រោះថ្នាក់នេះឡើង ប៉ូលិសក្នុងតំបន់កំពុងតែបើការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាចម្បងមួយដែលប្រទេសចិន បាននិងកំពុងជួបប្រទះជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងបែបនេះ គឺកម្រនឹងកើតមានណាស់៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី