CamNews

តារា 

ចាង​ហ្វាង​ផលិត​កម្ម មហា​ហង្ស បើក​សន្និសីទ​ប្រកាស​​​តាម​វាយ ប៉ែន ចំរុង រឿង​បណ្ដើរ​កូនស្រី ដល់យប់ជ្រៅ

ភ្នំពេញ៖ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានធ្វើការព្រមានជាសាធារណៈ ចំពោះតារាងសម្តែងល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ឲ្យបញ្ឈប់ការទាក់ទងកូនស្រីរបស់ខ្លួន គឺកញ្ញា ភិន សុដាលីស ជាបន្ទាន់ ព្រោះលោកយល់ថា ទំនាក់ទំនងនេះ ជាទំនាក់ទំនងក្នុងផ្លូវមិនល្អ ធ្វើឲ្យក្រុមគ្រួសាររបស់លោក មានបញ្ហាមើលមុខគ្នាមិនត្រង់ ដោយសារតែ ប៉ែន ចំរ៉ុង ជាមនុស្សមិនគួរឲ្យទុកចិត្ត មើលឃើញតែផលប្រយោជន៍ យកលុយជាធំ និងបានមើលងាយ ដល់ក្រុមគ្រួសាររបស់លោក ហើយទង្វើនេះ មិនអាចទទួលយកបានឡើយ ។

ការប្រកាសឲ្យតារាសម្តែង ប៉ែន ចំរ៉ុង ដកខ្លួនចេញ ពីទំនាក់ទំនងជាមួយកូនស្រី រហូតដល់ធ្វើឲ្យលោក អ៊ិន សុភិន ផ្ទុះកំហឹងជាមួយតារា សម្តែងល្បីឈ្មោះរូបនេះ បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ នៅទីស្នាក់ការក្រុមហ៊ុន ផលិតកម្មមហាហង្ស ផ្ទះលេខ២១ ផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយមានអ្នកសារព័ត៌មាន ជាច្រើននាក់បានចូលរួម ។
 
និយាយ ទាំងមានកំហឹងឆេះងំ នៅក្នុងចិត្ត លោក អ៊ិន សុភិន បានថ្លែងថា លោកសុំប្រកាសសង្រ្គាមជាមួយ ប៉ែន ចំរ៉ុង ព្រោះតែតារារូបនេះ បានមើលងាយក្រុមគ្រួសាររបស់លោក និងបានលួចលាក់ មានទំនាក់ទំនងមាន ស្នេហាជាមួយកូនស្រី ទាំងដឹងថា ដាលីស មានគូដណ្តឹងរួចទៅហើយ ធ្វើឲ្យលោកមិនអាចទទួលយកបាន ហើយចាប់ពីពេលនេះតទៅ លោកសុំប្រកាសព្រមានឲ្យ ប៉ែន ចំរ៉ុង ដកខ្លួនជាបន្ទាន់ ទោះក្នុងលក្ខខណ្ឌការងារ ឬក្នុងរឿងផ្ទាល់ខ្លួនក្តី ។
 
លោក អ៊ិន សុភិន បានបន្ថែមទៀតថា ពីដំបូងលោកគិតថា ប៉ែន ចំរ៉ុង ជាមនុស្សល្អ អាចរាប់រកជាគ្នាបាន ប៉ុន្តែក្រោយពីធ្វើការងារជាមួយគាត់ មួយរយៈមក ទើបដឹងថា ចំរ៉ុង ជាមនុស្សមានពុតត្បុតច្រើន ក្រឡិកក្រឡុច មើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន មិនឲ្យតម្លៃដល់អ្នកដទៃ ហើយបានបំបាក់មុខគ្រួសាររបស់លោកទៀតផង ។ ដោយនិយាយទាំងកំហឹងមិនទាន់ស្ងប់នេះ លោក អ៊ិន សុភិន បានបញ្ជាក់ថា លោកនឹងធ្វើអ្វីមួយ ដើម្បីបំបាក់មុខ ប៉ែន ចំរ៉ុង វិញ ទោះជួបគ្នានៅកន្លែងណាក៏ដោយ ។
 
ក្នុងជម្លោះស៊ីសាច់ហុតឈាម ជាមួយ ប៉ែន ចំរ៉ុង នេះត្រូវបានលោក អ៊ិន សុភិន បន្ថែមថា កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ លោកបានឃើញ ចំរ៉ុង ជិះឡានជាមួយកូនស្រីរបស់ខ្លួន ជូនដល់ក្នុងផ្ទះ នៅវេលាម៉ោង១០យប់ ហើយពេលនោះ លោកបាននិយាយហាមឃាត់ មិនឲ្យមានទំនាក់ទំនងគ្នាទៀត ប៉ុន្តែរូបគេមិនស្តាប់ ហើយបែរជា ចោទថាខាងកូនស្រីលោកឯណេះទេ ដែលជាអ្នកទាក់ទងមុន ។ គ្រានោះលោកបានផ្ទុះកំហឹងទាត់ ប៉ែន ចំរ៉ុង ៣ជើង ដើម្បីជាការប្រដៅ និងដើម្បីឲ្យដឹងថា លោកមិនអាចទទួលយកទង្វើ ដ៏គឃ្លើនរបស់ ចំរ៉ុង ជាមួយកូនស្រី នៅចំពោះមុខលោកបានឡើយ ។

ជាមួយគ្នានេះ លោក អ៊ិន សុភិន ក៏បានដាក់បម្រាមដល់កូនស្រី ឲ្យឈប់ទាក់ទងជាមួយ ចំរ៉ុង ហើយប្រសិនបើអាច លោកនឹងហាមកូនស្រី មិនឲ្យប្រឡូកបន្តក្នុងសិល្បៈ ព្រោះពិភពសិល្បៈមើលទៅគួរឲ្យខ្លាច ។ ប៉ុន្តែតែបើកូនស្រីមិនស្ដាប់ សុខចិត្តបោះបង់គ្រួសារ តាម ប៉ែន ចំរ៉ុង លោកនឹងបណ្ដាយតាមចិត្តរបស់កូន ហើយប្រកាសមិនទទួលស្គាល់ជាដាច់ខាត ។

ជុំវិញជម្លោះដ៏ក្ដៅគគុក ដែលទស្សនិកជនតែងគិតថា ជាការសម្ដែងក្នុងរឿង ប៉ុន្តែវាបានក្លាយជាការពិតទាំងមិននឹកស្មានដល់នេះ LookingTODAY បានធ្វើការទំនាក់ទំនង ទៅកាន់តារាសម្ដែងល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ដើម្បីឲ្យលោកបញ្ជាក់ឲ្យអស់ការសង្ស័យ ប៉ុន្តែទូរស័ព្ទត្រូវបានបងប្រុសរបស់លោក ជាអ្នកទទួល ហើយប្រាប់ថា ចំរ៉ុង កំពុងថតនៅឯស្ថានីទូរទស្សន៍ PNN ហើយលែងសូវកាន់ទូរស័ព្ទ ព្រោះតែជាប់រវល់នឹងការងារខ្លាំងពេក ។

ដោយឡែកតារាសម្ដែង ភិន សុដាលីស ដែលកំពុងតែពិបាកចិត្ត មិនដឹងសម្រេចយ៉ាងណានោះ នៅពេល LookingTODAY ទូរស័ព្ទចូល បែរជាចុចបិទ មិនបកស្រាយអ្វីឡើយ។ យ៉ាងណាមិញ LookingTODAY នៅតែរងចាំការបកស្រាយពីអ្នកទាំងពីរដោយក្ដីរីករាយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh