(ភ្នំពេញ)៖ ការបរាជ័យទាំងប្រផិតប្រផើយក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៣-២ ល្ងាចមិញ បានធ្វើឲ្យសមាជិកក្រុមគោព្រៃកម្ពុជា និងអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ប៉ុន្ដែយ៉ាងណា កម្ពុជាបានរបូតអស់ ៣ពិន្ទុទៅហើយ នៅថ្ងៃបើកឆាកការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូលក្នុងពូល B នេះ ហើយកីឡាករកម្ពុជា ក៏ព្រមទទួលយកលទ្ធផលនៃការចាញ់នេះដែរ។
ទន្ទឹមជាមួយគ្នានេះ គេឃើញខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាកីឡាករ ប្រាក់ មុន្នីឧត្តម បានបង្ហោះសារខ្លីមួយលើ Facebook ផ្ទាល់ខ្លួន ដោយបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនជុំវិញការបរាជ័យខាងលើ។ មុន្នីឧត្តម បានសរសេរថា «ថ្ងៃនេះពួកយើងព្រមទទួលពាក្យបរាជ័យក្នុងការប្រកួតថ្ងៃនេះ ប៉ុន្តែពួកយើងមិនព្រមទទួលពាក្យប្រមាថ ដែលធ្វើឲ្យក្រុមទាំងមូលបាក់ទឹកចិត្តនោះទេ ពួកយើងនឹងតស៊ូឲ្យដល់ទីបញ្ចប់ ដើម្បីប្រទេសជាតិរបស់ពួកយើង» ។
នេះគឺជាពាក្យពេចន៍ដ៏មានន័យរបស់កីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលបង្ហាញឲ្យឃើញពីឆន្ទៈខំប្រឹងពិតៗ របស់កីឡាករជម្រើសជាតិម្នាក់ៗ បើទោះបីពួកគេរងនូវការបរាជ័យ និងត្រូវអ្នកគាំទ្រមួយចំនួនរិះគន់យ៉ាងណាក៏ដោយ។ ជាមួយគ្នានេះអ្នករកបាន ២គ្រាប់ឲ្យកម្ពុជាល្ងាចមិញ គឺកីឡាករ ចាន់ វឌ្ឍនាកា ក៏បានសរសេរដែរថា «នេះហើយជាបាល់ទាត់ អគុណអ្នកទាំងអស់គ្នាដែលខំប្រឹង អគុណសំរាប់ការគាំទ្រថ្ងៃនេះ យើងបរាជ័យថ្ងៃនេះ តែយើងនឹងខំប្រឹងដើរកជោគជ័យវិញនៅថ្ងៃស្អែកទាំងអស់គ្នា ដោយគ្មានការបោះបង់ឡើយ តោះព្យាយាមបន្តទៀត កម្ពុជា ស៊ូស៊ូ» ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង