CamNews

ព័ត៌មានអន្តរជាតិ 

កងអង្គភាពឆ្មាំសមុទ្រឥណ្ឌា រឹបអូសគ្រឿងញៀនបានចំនួន ១,៥០០ គីឡូក្រាម

អាជ្ញាធរឥណ្ឌា បានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,៥០០ គីឡូក្រាមចេញពីនាវាមួយ នៅឯនាយឆ្នេរសមុទ្ររដ្ឋ Gujarat ភាគខាងលិច។

សេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយកងអង្គភាពឆ្មាំសមុទ្រ បានឱ្យដឹងថា គ្រឿងញៀននេះត្រូវបានរកឃើញ នៅលើនាវាជំនួញមួយ ហើយវាមានតម្លៃជិត ៥៥០ លានដុល្លារ ( ៤២០ លានផោន) ។

អ្នកនាំពាក្យកងទ័ពជើងទឹក លោក D K Sharma បានចាត់ទុកសកម្មភាពនេះថា ជា "ការដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំបំផុតតែមួយគត់ ដែលទើបតែជួបប្រទះ នៅពេលនេះ " ។ បច្ចុប្បន្ន នាវាឈ្មួញនេះ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Porbandar ភាគខាងលិច។




ប្រទេសឥណ្ឌា គឺជាផ្នែកមួយនៃផ្លូវឆ្លងកាត់ ក្នុងការជួញដូរគ្រឿងញៀន ដែលរកកម្រៃបានច្រើនបំផុត ដោយសារតែប្រទេសនេះ ស្ថិតនៅជិតប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសផលិតអាភៀនធំបំផុតរបស់ពិភពលោក ដែលជាធាតុផ្សំសំខាន់ នៅក្នុងហេរ៉ូអ៊ីន។

ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ការដឹកជញ្ជូនហេរ៉ូអ៊ីនអាហ្វហ្គានីស្ថានទ្រង់ទ្រាយធំ ៗ ត្រូវបានរត់ពន្ធឆ្លងកាត់មហាសមុទ្រឥណ្ឌា ទៅអាហ្វ្រិកខាងកើត និងខាងត្បូង។  ប្រទេសឥណ្ឌាមានបញ្ហារឿងហេរ៉ូអ៊ីនធ្ងន់ធ្ងរ នៅរដ្ឋ Punjab ភាគខាងជើង។

ការស្រាវជ្រាវមួយ បានបង្ហាញថា បុរសជាង ៨៦០.០០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ៣៥ ឆ្នាំបានប្រើប្រាស់ថ្នាំញៀនប្រភេទណាមួយ ដោយមានអ្នកសេពគ្រឿងញៀនប្រមាណ 53% កំពុងរងទុក្ខវេទនាដោយសារហេរ៉ូអ៊ីន៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news