(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅមុននេះបន្តិចថា ស្ត្រីម្នាក់ត្រូវបានរកឃើញថា មានផ្ទុកវីរុស Zika ពេលរូបនាងធ្វើដំណើរ ទៅដល់ទីក្រុងតូក្យូ ដែលវាជាករណីទី១១ ហើយនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
តាមការបញ្ជាក់ពីក្រសួងខាងលើនេះ ស្ត្រីដែលបានឆ្លងវីរុស Zika នោះមានអាយុ ៤០ឆ្នាំ ត្រូវបាន សត្វមូសខាំនៅប្រទេសវៀតណាម ហើយនៅអំឡុងពេលស្ត្រីរូបនេះ ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នាងបានកើតអការៈឈឺក្បាល និង ឡើងកន្តួលនៅលើស្បែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រោយពីទទួលបានការពិនិត្យ ពីក្រុមគ្រូពេទ្យជប៉ុន ទើបបញ្ជាក់ស្ត្រីរូបនេះពិតជាមានផ្ទុក Zika មែន។
គួរបញ្ជាក់ថាស្ត្រីខាងលើនេះ បានសម្រាកនិងតាមដានជំងឺ នៅឯមន្ទីរពេទ្យទីក្រុងតូក្យូរយៈពេលពីរថ្ងៃ ហើយនៅថ្ងៃសុក្រ សប្តាហ៍មុននេះទើបគ្រូពេទ្យបានសន្មត់ថា នាងបានឆ្លងវីរុស Zika។ ក្រសួងសុខាភិបាលវៀតណាម នៅពេលនេះកំពុងតែទាក់ទង ទៅកាន់អាជ្ញាធរសុខាភិបាលជប៉ុន ដើម្បីស្នើសុំអាស័យដ្ឋានស្ត្រី ផ្ទុកវីរុស Zika ខាងលើនេះនៅវៀតណាម ដែលអាចឲ្យអាជ្ញាធរចេញ សេចក្តីព្រមានឲ្យប្រជាជនក្នុងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកម្ទេចជម្រកសត្វមូស៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង