CamNews

តារា 

បេប៊ី ជ្រុះបាត់តំណែង តួឯក២រឿងព្រមគ្នា

ភ្នំពេញ៖ តារាស្រីរាងតូចច្រឡឹង កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី បានបង្ហើប ឲ្យដឹងថា ថ្មីៗនេះ នាងបានបាត់ឱកាសសម្តែង ក្នុងតំណែងតួឯក ដល់ទៅ២រឿងព្រមគ្នា ដោយសារតែពេលនេះ នាងកំពុងតែមមាញឹក ជាមួយការងារថតរឿងគ្មានពេលសម្រាក ទើបធ្វើឲ្យនាងត្រូវបង្ខំចិត្ត បដិសេធមិនទទួល យកឱកាសសាងកេរ្តិ៍ឈ្មោះបន្ថែមនេះ ។

តារាស្រីវ័យក្មេង ទើបតែចាប់ផ្តើមលេចធ្លោ ក្នុងឆ្នាំ២០១៤ កញ្ញា បេប៊ី បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ សន្ទុះការងាររបស់នាង មានភាពរីកចម្រើនច្រើន លើវិស័យថតរឿង ព្រោះថានាងមានរឿងថត ជាបន្តបន្ទាប់ មិនដាច់។ ជាក់ស្តែងពេលនេះ នាងកំពុងតែដំណើរ ការថតរឿង៣ ឲ្យផលិតកម្មរ៉ក់ ប៉ុន្តែគាប់ជួនពេលនេះ មានខាងស្ថានីយទូរទស្សន៍បាយ័ន ទាក់ទងហៅនាង ថតរឿង២ព្រមគ្នា តែនាងមិនអាចទទួលបាន ដោយសារគ្មានពេលទំនេរ ។

កញ្ញា បេប៊ី បានប្រាប់ឲ្យដឹងទៀតថា " ថ្មីៗនេះមានខាងស្ថានីយ ទូរទស្សន៍បាយ័ន គេទាក់ទងហៅខ្ញុំថត រឿង២ ដោយផ្តល់ឱកាសឲ្យខ្ញុំ គ្រងតំណែងជាតួឯក ប៉ុន្តែខ្ញុំអត់បានទទួលទេ ដោយសារតែពេលនេះ ខ្ញុំមានការរវល់តែថតរឿងឲ្យផលិតកម្មរ៉ក ។ សម្រាប់ខ្ញុំការបាត់ឱកាសល្អៗនេះ ខ្ញុំពិតជាមានអារម្មណ៍ ថាសោកស្តាយខ្លាំងណាស់ តែមិនដឹងថា ធ្វើយ៉ាងណាទេ ព្រោះពេលវេលា មិនអំណោយផល " ។

តារាស្រីទើបតែប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិលើកទី២ រូបនេះ បានប្រាប់ឲ្យដឹងថា នាងដឹងថា នៅពេលដែលមានគេទាក់ទង ការងារមកហើយ យើងបដិសេធ មិនទទួល ច្បាស់ណាស់ថា ខាងអ្នកដឹកនាំគេប្រាកដជា អត់សប្បាយចិត្ត ជាមួយនាង ប៉ុន្តែនាងពិតជាទទួលមិនបានមែន ដោយសារបច្ចុប្បន្ន រឿងដែលនាងកំពុងថតនេះ គឺត្រូវចំណាយ ពេលថត៥ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយម្យ៉ាងទៀត ក្នុងពេលឆាប់ៗនេះ នាងក៏ត្រូវបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ ទៀត ដូច្នេះមិនអាចទទួល ការងារច្រើនបានទេ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh