CamNews

ព័ត៌មានជាតិ 

សម្ដេចតេជោ ហ៊ុន សែនថា ចៅៗរបស់សម្តេច កំពុងខំហ្វឹកហាត់បាល់ទាត់ ឲ្យខ្លាំងដូច ចាន់ វឌ្ឍនាកា

(ភ្នំពេញ)៖ ជាមួយសារលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់ខ្មែរឲ្យប្រឹងជ្រោងវិស័យកីឡាកម្ពុជា ឲ្យកាន់តែខ្លាំងក្លានោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហើបថា ពេលនេះចៅៗ របស់សម្តេច កំពុងហ្វឹកហាត់បាល់ទាត់ជាមួយក្លឹបបឹងកេត អង្គរ ហើយកំពុងខិតខំហ្វឹកហាត់ ដើម្បីឲ្យខ្លាំងដូចជាកីឡាករ ចាន់ វឌ្ឍនាការ ដែលជាកីឡាបាល់ទាត់កំពុងមានឈ្មោះបោះសំឡេង មួយរូបរបស់កម្ពុជា។​

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ​បង្ហោះលើទំព័រ Facebook របស់សម្តេច នាព្រឹកថ្ងៃសុក្រ ទី០១ ខែម​ករា ឆ្នាំ២០១៦ ថា «សូម មើលអនាគតក្រុមបាល់ទាត់បុរស និង អនាគតក្រុមបាល់ទះស្ត្រីត្រកូលហ៊ុន។ ចៅស្រីនឹងលេងបាល់ទះ។ ចៅប្រុសនឹងលេងបាល់ទាត់ ។ ពេលនេះចៅប្រុសមួយចំនួនកំពុងហ្វឹកហាត់នៅក្លឹបបឹងកេត។ ពួកគេកំពុងខិតខំហ្វឹកហាត់ឲ្យខ្លាំងដូចកីឡាករ ចាន់ វឌ្ឍនាកា ដើម្បី ចូលរួម SEA GAMES ឆ្នាំ 2023 នៅកម្ពុជា»។

លោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គរ បានចេញមកបង្ហាញនូវមោទន​ភាពខ្លាំង ចំពោះវត្តមានចៅប្រុសរបស់សម្តេចតេជោ ៣ នាក់ ដែលចូលរួមហ្វឹកហាត់ជាមួយក្រុមបឹងកេតអង្គរ​។ ជាពិសេស ចំពោះការការចាប់អារម្មណ៍លើខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ពី សំណាក់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា។

លោក បែ មករា បានបញ្ជាក់ថា «ជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ក្លឹបបឹងកេត ក៏ដូចជាកីឡាករ ចាន់ វឌ្ឍនាកា ដែលបានទទួល ការចាប់អារម្មណ៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ហើយបច្ចុប្បន្ន ចៅប្រុសបីនាក់របស់សម្តេចកំពុងហ្វឹកហាត់យ៉ាង ខ្លាំងក្លា នៅក្នុងក្រុមយុវជនបឹងកេតអង្គរ។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរសម្តេច និងក្រុមគ្រួសារ ទទួលបានពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិរន្តរ៍»៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP