CamNews

ព័ត៌មានអន្តរជាតិ 

ហេតុផល៦យ៉ាង ដែលជម្រុញឲ្យលោក ដូណាល់ ត្រាំ ទទួលបានជោគជ័យក្លាយជាប្រធានាធិបតីអាមេរិកទី៤៥

(ពិភពលោក)៖ លោក ដូណាល់ ត្រាំ បានធ្វើឲ្យការរំពឹងទុករបស់មនុស្សខុសទាំងស្រុង តាំងពីការចំណុចចាប់ផ្តើមនៃការធ្វើយុទ្ធនាការ កាលពីមួយឆ្នាំកន្លងទៅនេះ។ មនុស្សតិចតួចប៉ុណ្ណោះដែលគិតថា លោក ត្រាំ នឹងឈរឈ្មោះ តែការពិតលោកបានឈរឈ្មោះពិតមែន។ មនុស្សគិតថា លោកនឹងមិនអាចទៅរួចនោះទេ។

មនុស្សគិតថា លោកនឹងត្រូវបរាជ័យក្នុងដំណើរការ នៃការបោះឆ្នោតតាំងពីលើកដំបូង ប៉ុន្តែក្រោយមកលោកបែរជាអាចយកឈ្នះបាន។ មនុស្សគិតថា លោកមិនអាច ក្លាយជាបេក្ខជនប្រធានាធិបតីបានឡើយ តែលោកត្រូវបានគេតែងតាំងជាបេក្ខជនប្រធានាធិបតី។ មនុស្សបាននិយាយថា គ្មានផ្លូវដែលលោក ដូណាល់ ត្រាំ អាចទទួលជោគជ័យក្នុងការបោះឆ្នោតសកលបានឡើយ។ តែថ្ងៃទី០៨ ខែវិច្ឆិកា លទ្ធផលនៃការបោះឆ្នោតបង្ហាញថា លោកបានក្លាយជាប្រធានាធិបតី ជាប់ឆ្នោតទី៤៥ របស់សហរដ្ឋអាមេរិក។

ខាងក្រោមនេះជាហេតុផលមួយចំនួន ដែលជម្រុញឱ្យលោកយកឈ្នះលើអ្វីដែលមនុស្សមិនបានគិតដល់ និងមិនអាចយល់បាន៖

* ជាមនុស្សឯករាជ្យ

មិនត្រឹមតែឈរឈ្មោះដើម្បីប្រជែងជាមួយបក្សប្រជាធិបតេយ្យប៉ុណ្ណោះទេ លោកក៏បានប្រជែងនឹងបុគ្គលមានអំណាចមួយចំនួនក្នុង បក្សសាធារណរដ្ឋរបស់លោកផ្ទាល់ផងដែរ។ លោកបានទាត់ពួកគេទាំងអស់ចេញពីសង្វៀនប្រកួតនយោបាយ។ លោកបានកសាងបល្ល័ងសម្រាប់សោយរាជ្យ ដាច់ដោយឡែកមួយ ចេញពីក្នុងចំណោមគូប្រជែងក្នុងបក្សសាធារណរដ្ឋ ហើយបានធ្វើឲ្យពួកគេទាំងអស់ត្រូវខ្ទាតចេញ។

បុគ្គលលេចធ្លោមួយចំនួនមានដូចជា លោក Marco Rubio លោក Ted Cruz លោក Chris Christie និងលោក Ben Carson ដែលចុងក្រោយត្រូវទន់ជង្គង់ នៅចំពោះមុខរបស់លោកត្រាំ។ មិនតែប៉ុណ្ណោះបុគ្គលសំខាន់ៗផ្សេងទៀតដូចជា លោក Jeb Bush និងលោក John Kasich ជាដើមក៏បានថយឥទ្ធិពលផងដែរ។ លោកត្រំាធ្វើឱ្យពួកគេខ្ទាតចេញបាន សំខាន់ដោយសារលោកមិនត្រូវការជំនួយពីពួកគេឡើយ។ ហើយការពិតទៅ លោក ត្រាំ ទំនងជាទទួលជោគជ័យ ដោយសារគោលជំហរប្រឆាំង នឹងសមាជិកបក្សរបស់ខ្លួន។

ម្យ៉ាងទៀតឥរិយាបទ និងមាត់ឆៅរបស់លោក ហាក់ជាភស្ថុតាងបង្ហាញថា លោកជាមនុស្សឯករាជ្យ និងផ្តាច់ខ្លួនម្នាក់មិនរណបអ្នកណាម្នាក់។ គ្មានអ្នកនយោបាយណា ម្នាក់អាចធ្វើរឿងបែបនេះបានដូចលោក ត្រំា នោះទេ ហើយនេះជាហេតុផលដែលធ្វើឲ្យលោកដណ្តើមបានដំណែងក្នុងសេតវិមាន។

* ឃោសនាបោះឆ្នោតដោយប្រើប្រាស់ពាក្យស្លោកដ៏សមញ្ញតែមានន័យ

លោក ត្រាំ បានចម្លងព្រមទាំងយកមកប្រើប្រាស់ឡើងវិញ នូវការសន្យារបស់អតីតប្រធានាធិបតីអាមេរិក គឺលោក Ronald Reagan ដែលបានសន្យាថា «ធ្វើឲ្យអាមេរិកប្រសើរឡើងវិញជាថ្មីម្តងទៀត»។ ពាក្យទាំងបួនម៉ាត់នេះ បង្ហាញទាំងន័យទុទិដ្ឋិនិយម និងសុទិដ្ឋិនិយម ព្រមទាំងបង្កប់ទាំងភាពអាក្រក់ និងក្តីសង្ឃឹម។ ពាក្យស្លោកនេះហាក់រំលឹកពីសហរដ្ឋអាមេរិក ក្នុងយុគសម័យមាសដ៏អស្ចារ្យ កាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ឬឆ្នាំ១៩៨០ ដែលក្រោយមកបានធ្លាក់ចុះ យ៉ាងនេះក្តីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ហើយប្រធានាធិបតីជាប់ឆ្នោតរូបនេះមានបំណងចង់ស្តារឡើងវិញ។ ពាក្យស្លោកនេះឆ្ពោះទៅរកសេចក្តីក្លាហាន ដែលផ្ទុយស្រឡះពីពាក្យស្លោករបស់គូប្រជែងគឺលោកស្រី ហ៊ីលឡារីគ្លីនតុន។

* ធ្លាប់ជាបុគ្គលល្បី៖

រំលឹកដល់កាលពីឆ្នាំ២០០៣កន្លងទៅនេះ លោក ត្រាំ ធ្លាប់ធ្វើជាកាន់កម្មវិធី The Apprentice ក្នុងកញ្ចក់ទូរទស្សន៍។ ក្នុងរយៈពេលត្រឹមមួយទសវត្សន៍ មានមនុស្សមិនក្រោមរាប់លាននាក់ ដែលបានស្គាល់ និងចាត់ទុកលោក ត្រាំ ជាពាណិជ្ជករដ៏ជោគជ័យម្នាក់ ជាមនុស្សប្រកបដោយថាមពល។

លោក Gwenda Blair អ្នកសរសេរជីវប្រវត្តិរបស់លោក ត្រាំ បានបញ្ជាក់ថា លោកត្រាំបានប្រើប្រាស់ពេល១០ឆ្នាំ ដើម្បីថ្លែងនៅពីមុខសាធារណជន អាមេរិករាប់លាននាក់តាមកញ្ចក់ទូរទស្សន៍ លោកធ្លាប់ជាប្រធានប្រតិបត្តិ ធ្លាប់គ្រប់គ្រងមនុស្ស ជាមនុស្សដែលធ្លាប់ដោះស្រាយបញ្ហាច្រើនរាប់មិនអស់ ជាមនុស្សដែលដឹងច្រើនរឿង និងជាព្រឹទ្ធាចារ្យថែមទៀតផង។ នេះជាហេតុផលដែលជម្រុញឱ្យប្រជាពលរដ្ឋជ្រើសរើសលោក។

* ភាពទន់ខ្សោយនៃគូប្រជែង

ដៃគូប្រជែងដែលលោកត្រូវប្រឈមមុខគឺ លោកស្រី គ្លីនតុន ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក កាន់អំណាចបានពីរអាណត្តិ តែនៅទីបំផុតបែរជាត្រូវ ប្រឈមមុខជាមួយនឹងភាពបរាជ័យ ដែលអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង។ រឿងអាស្រូវដ៏សំខាន់មួយដែលបាន កើតឡើងនិងជាប្រធានបទក្តៅមួយ នៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងនៃការបោះឆ្នោត គឺការប្រើបា្រស់អ៉ីម៉ែលឯកជនមួយដាច់ដោយឡែក ក្នុងពេលលោកស្រី កាន់ដំណែងជារដ្ឋមន្ត្រីការបរទស សហរដ្ឋអាមេរិក។ លោកស្រីត្រូវបានគេកាត់ក្តីថា មានការធ្វេសប្រហែសជាខ្លាំង ហើយបញ្ហានេះបានផ្ទុះឡើងជាថ្មី នៅចុងខែតុលាកន្លងទៅនេះ បន្ទាប់ពីភ្នាក់ងារ FBI បានរកឃើញនូវអ៊ីម៉ែលរបស់លោកស្រីមួយចំនួនធំផ្សេងទៀត។ បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្ត ហេតុនេះលោកស្រីបានបាត់សម្លេងគាំទ្រដូចគ្នា។

* ជឿជាក់លើខ្លួនឯង

បើទោះបីជាលោក ត្រាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បែបប្លែកៗខុសពីការឃោសនាកន្លងមក វាបានបង្ហាញថា លោកយល់ច្បាស់ និងទទួលបានបទពិសោធន៍ ពីបញ្ហាជាច្រើន លើសអ្នកជំនាញផ្សេងៗទៀត។ ជាក់ស្តែងលោកព្យាយាមជម្នះ ដោយធ្វើដំណើរទៅកាន់រដ្ឋផ្សេងៗដូចជារដ្ឋ Wisconsin និងរដ្ឋ Michigan ដែលអ្នកជំនាញភាគច្រើនគិតថា លោកពិបាករកសម្លេងគាំទ្រខ្លាំងណាស់។

* គោលនយោបាយរបស់លោក

បញ្ហាគោលនយោបាយថ្មីៗរបស់លោក ត្រាំ ជាផ្នែកដ៏សំខាន់មួយ ក្នុងការអូសទាញសន្លឹកឆ្នោតពីសំណាក់ប្រជាពលរដ្ឋ។ ហើយអ្វីដែលគេតែងតែលើកមក ពិភាក្យាញឹបញាប់បំផុត គឺការកសាងរបងនៅតាមបណ្តោយនៃព្រំដែន ដើម្បីទប់ទល់ការហូរចូលនូវពួកអ្នកកាន់សាសនាអ៊ីស្លាម រួមជាមួយនឹងគោលនយោបាយ បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីសហរដ្ឋអាមេរិកជាដើម។ អាស្រ័យដោយហេតុផលទាំងប៉ុន្មានខាងលើ ជម្រុញឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិក ដែលខុសពីការរំពឹងទុករបស់មនុស្សជាច្រើនជុំវិញពិភពលោក៕

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Obama Clinton Donald Trump Int news