CamNews

ព័ត៌មានអន្តរជាតិ 

ទៀតហើយ! កូរ៉េខាងជើងព្រមាន​​ថា​នឹង​កម្ទេច វិមានប្រធានាធិបតី​កូរ៉េខាងត្បូង រួមជាមួយ​និងទីក្រុង​សេអ៊ូល

(សេអ៊ូល)៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់មួយរយៈពេលកន្លងមក ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះបានប្រកាសគំរាមជាថ្មីម្តងទៀតថានឹងកម្ទេចរដ្ឋធានីសេអ៊ូល និងវិមានប្រធានាធិបតីរបស់កូរ៉េខាងត្បូង ឲ្យក្លាយទៅជាផេះ បើសិនជាមានសញ្ញាណាមួយដែលបង្ហាញអំពីការវាយប្រហារដោយនុយក្លេអ៊ែរ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

សារព័ត៌មានកូរ៉េខាងជើង Rodong Simun បានចេញផ្សាយថា «យើងធ្លាប់បានព្រមានជាច្រើនដងហើយថា កូរ៉េខាងត្បូងនឹងស្ថិតនៅក្នុងភ្នក់ភ្លើងសង្រ្គាម ខណៈយោធាអាមេរិក ទាំងអស់ដែលនៅតំបន់ប៉ាស៊ីហ្វិក និងក្នុងប្រទេសកូរ៉េខាងត្បូងនឹងប្រឈមនឹងភាពចលាចល ប្រសិនណាសហរដ្ឋអាមេរិកថ្លើមធំហ៊ាន បង្កសង្រ្គាមនុយក្លេអ៊ែរប្រឆាំងនឹងពួកយើង ហើយត្រូវចាំថាការព្រមានរបស់យើង មិនមែនគ្រាន់តែជាពាក្យទទេដែលនិយាយឲ្យតែរួចពីមាត់នោះឡើយ»

គួរបញ្ជាក់ថា កូរ៉េខាងជើង បានចាប់ផ្តើមសង្រ្គាមវោហារសាស្រ្តរបស់ខ្លួន ចាប់តាំងតែពីពេលកើតមានការសង្ស័យថា សហរដ្ឋអាមេរិក អាចនឹងពិចារណា បើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ មកលើកូរ៉េខាងជើង ដោយសារតែ កម្មវិធីមីស៊ីលផ្លោង និង អាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។

ជាមួយគ្នានេះដែរ គេហទំព័រមួយរបស់កូរ៉េខាងត្បូង ក៏បានបង្ហាញនូវខ្សែវីដេអូមួយដែល កូរ៉េខាងជើងបានដាក់រូបភាពនៃសេតវិមាន និងវិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងផ្ទាំងស៊ីប ហើយថែមទាំងបានគំរាមផងដែរថា ការិយាល័យប្រធានាធិបតីទាំងពីរ អាចនឹងត្រូវបានកម្ចាត់ចេញពីផែនទីនិងបាននិយាយថា សមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំរបស់សម្ព័ន្ធមិត្តទាំងពីរ អាមេរិក-កូរ៉េខាងត្បូង បានបណ្តាលឲ្យឧបទ្វីបកូរ៉េស្ថិតនៅក្នុងមាត់ជ្រោះនៃភ្លើងសង្រ្គាម៕


ប្រភព ៖ យុនហ៉ាប់ /ibtimes

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: north korea south korea missile satellite