(ភ្នំពេញ)៖ តារាកំប្លែងក្នុងក្រុម នាយក្រឹម គឺនាយ បឿន ឬនាយយក្ស ដែលមានឈ្មោះពិតថា ធួក ពៅ បានទទួលមរណភាពហើយ កាលពីម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយសារជំងឺគាំងបេះដូង ពោលគឺស្លាប់នៅខាងក្រោយឆាកសម្ដែង តែម្ដង។
យោងតាមម្ចាស់ Account Facebook របស់ស្រីលាប ដែលមានឈ្មោះថា Oun Leap Good Luck ហើយត្រូវបានគេស្គាល់ថា ជាភរិយាក្រោយ របស់នាយក្រឹម បានសរសេរនៅប៉ុន្មាននាទីមុននេះថា «សូមចូលរួមរំលែកទុក្ខ លោកពូយក្សផង បើបងប្អូនចង់ចូលបុណ្យគ្រួសារគាត់ សូមទាក់ទងលេខ 093 940 707»។ ក្នុងនោះ ក៏មានភ្ជាប់មកជាមួយនូវរូបថតរបស់ នាយបឿនទៀតផង ។
ប្រភពព័ត៌មានដដែលបានបន្តថា នាយបឿន ឬនាយយក្ស បានធ្លាក់ខ្លួនឈឺជាច្រើនខែមកហើយ និងបានទៅសម្រាកព្យាបាយនៅផ្ទះ ឯស្រុកកំណើត ក្នុងស្រុកតាំកក់ ខេត្តតាកែវ ហើយក្រៅពីជំងឺបេះដូង នាយបឿន ក៏មានជំងឺលើឈាម កម្រិតធ្ងន់ផងដែរ ទើបគ្រួសារត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យជាប្រចាំ រាល់ពេលលោកធ្វើទុក្ខខ្លាំងម្ដងៗ។ ប៉ុន្តែនៅវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយសារតែស្ថានភាពជំងឺ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងមែនទែន លោកក៏បានគាំងបេះដូងស្លាប់ នៅខាងក្រោយឆាកសម្ដែងល្ខោនបាសាក់ ក្នុងខេត្តតាកែវតែម្ដង ខណៈក្រុមគ្រួសារបានបញ្ជូនទៅឲ្យពេទ្យជួយសង្គ្រោះដែរ តែមិនអាចជួយបានឡើយ។
ប្រភពខាងលើបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ សពរបស់នាយបឿន កំពុងតែតម្កល់ធ្វើបុណ្យក្នុងវត្ត មឿងចារ្យ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ជាស្រុកកំណើតរបស់លោក ខណៈដែលក្រុមគ្រួសារកំពុងតែជួបប្រទះ នូវការខ្វះខាតយ៉ាងខ្លាំង និងសុំសំណូមពរដល់អ្នកសិល្បៈ ជាមិត្តរួមអាជីព មេត្តាជួយជ្រោមជ្រែង ក្នុងកម្មវិធីបុណ្យសពនេះផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង