CamNews

កីឡាជាតិ 

ថ្នាក់ដឹកនាំកីឡាកម្ពុជា ធ្វើទស្សនៈកិច្ច​នៅ សិង្ហបុរី ដើម្បីពិនិត្យទីតាំងមុន SEA Games ចាប់ផ្ដើម

ភ្នំពេញ៖ ថ្នាក់ដឹកនាំកីឡាកម្ពុជា ២រូប រួមមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងលោក ញ៉ាន សុខវិសាល នាយបេសកកម្មកីឡា SEA Games លើកទី២៨ បានធ្វើទស្សនៈកិច្ច នៅប្រទេសសិង្ហបុរី ដើម្បីត្រួតពិនិត្យ ទីតាំងផ្សេងៗនៅទីនោះ មុននឹងព្រឹត្តិការណ៍ ថ្នាក់តំបន់ អាស៊ាននេះ ចាប់ផ្ដើមការប្រកួត នៅឆ្នាំ២០១៥ខាងមុខ ។

លោក ញ៉ាន សុខវិសាល បានថ្លែងប្រាប់គេហទំព័រ LookingTODAY ពីទីក្រុង Singapore តាមប្រព័ន្ធទំនាក់ទំនងសង្គម នៅរសៀលថ្ងៃទី២៦ វិច្ឆិកានេះឲ្យដឹងថា ដំណើរទស្សនៈខាងលើនេះ មានរយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៤-២៧ ខែវិច្ឆិកានេះ នៅទីក្រុង Singapore ប្រទេសសិង្ហបុរី ដើម្បីចុះឈ្មោះសុំ សិទ្ធិចូលរួមប្រកួត និងទីកន្លែងស្នាក់នៅ អាហារហូបចុក របស់អត្តពលិកកម្ពុជា ពេលប្រកួតចាប់ផ្ដើម ។

នាយបេសកកម្មរូបនេះ បានបន្ដថា “ក្នុងសិក្ខាសាលា ដែលរៀបចំដោយម្ចាស់ ផ្ទះសិង្ហបុរី ដែលត្រូវរៀបចំការ ប្រកួតកីឡា SEA Games លើកទី២៨នេះ មន្ដ្រីកីឡាកម្ពុជា ដែលចូលរួម គឺមានឯកឧត្តម វ៉ាត់ ចំរើន និងរូបខ្ញុំ ដែលបានចូលរួម តាំងពីថ្ងៃទី២៤ វិច្ឆិកាមកម្លេះ ។ ការចូលរួមក្នុង សិក្ខាសាលានេះ គឺដើម្បីបំពេញបែបបទ ចូលរួមប្រកួត និងពិនិត្យពីទីកន្លែងស្នាក់នៅ-ហូបចុក និងសាហ៊ុយធ្វើដំណើរ របស់ក្រុមអត្តពលិក កីឡាកម្ពុជា ។ ជាពិសេសនោះ គឺប្រតិភូកីឡា ក្នុងតំបន់អាស៊ាន ទាំងអស់ ក៏បានត្រួតពិនិត្យទីលាន សម្រាប់ធ្វើការប្រកួតផងដែរ” ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ ដែលនឹងធ្វើឡើង នៅចំកណ្ដាលទីក្រុង Singapore ប្រទេសសិង្ហបុរីនេះ នឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី០៥-១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខ ដោយមានកីឡាចំនួន ៣៦ប្រភេទ ត្រូវដាក់ឲ្យប្រកួតប្រជែង ប៉ុន្ដែកម្ពុជា បានបញ្ជូនកីឡាតែ ២១ប្រភេទប៉ុណ្ណោះ ទៅចូលរួម ក្នុងនោះមានកីឡាករ ហែលទឹក អត្តពលកម្ម វាយសី ប្រដាល់ ប្រណាំងកង់ ជិះសេះ គុនដាវ បាល់ទាត់ វាយកូនគោល កាយសម្ព័ន្ធ យូដូ ប៉េតង់ បាល់ឱប សីប៉ាក់តាក្រ វាយកូនឃ្លីលើតុ ទូកប្រពៃណី ទ្រីយ៉ាត្លុង បាល់ទះ តេក្វាន់ដូ វាយកូនបាល់ និងកីឡាវូស៊ូ ៕


ផ្ដល់សិទ្ធិដោយ៖ lookingtoday


Tags: Sport News Cambodia Asian Game