(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបាននិយាយថា ក្រុមគ្រួសារសាច់ញាតិរបស់លោក គីម ជុងណំា ដែលត្រូវបានគេឃាតករសម្លាប់នៅឯព្រលានយន្តហោះ នៅក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះត្រូវតែផ្ដល់គំរូ DNA ជាមុនសិនមុននឹងចង់បានសពលោក គីម ត្រឡប់ទៅវិញ ហើយដែលសំណើនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ស្នើសុំយកសាកសពបងប្រុសលោក គីម ជុងអ៊ុន រូបនេះពីអាជ្ញាធរម៉ាឡេស៊ី រួចនាំទៅកាន់កូរ៉េខាងជើងទឹកដីកំណើតវិញ។ នេះបើតាមការផ្សាយពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាបើតាមប្រភពជាច្រើន លោក គីម ជុងណាំ អាចត្រូវបានគេបំពុលឲ្យស្លាប់ នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ កូរ៉េខាងត្បូង និងអាមេរិក ដែលជាអ្នកដឹងរឿងសម្ងាត់កូរ៉េខាងជើងច្រើនជាងគេនោះ បានចោទទាំងស្រុង ទៅលើរបបដឹកនាំលោក គីម ជុងអ៊ុន តែម្តងថាជាអ្នកបានរៀបចំគំរោងសម្លាប់សាច់ឈាមឯងនេះ។
ចំណែកឯខាងអាជ្ញាធរម៉ាឡេស៊ី ក៏បានចាប់ខ្លួនជនសង្ស័យជាស្ត្រីពីរនាក់ និងបុរសម្នាក់នៅក្នុងសំណុំរឿងនេះដែរ ក៏ប៉ុន្តែព័ត៌មានលម្អិតទាក់ទិននឹងការធ្វើកោសល្យវិច័យសាកសព លោក គីម ជុងណាំ មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈការសន្និដ្ឋានលើការស្លាប់របស់លោកកាន់តែមានច្រើនឡើង និងកំពុងធ្វើឱ្យអំពើឃាតកម្មនេះកាន់តែមានភាពអាថ៌កំបាំង៕
ប្រភព ៖ ដេលីម៉ែល