CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមប្រឆាំងរបស់ប៉ាគីស្ថាន អំពាវនាវឱ្យតុលាការកំពូលដកនាយករដ្ឋមន្ត្រី ចេញពីតំណែង ដោយសាររឿង

ក្រុមប្រឆាំង បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលប៉ាគីស្ថាន កាលពីថ្ងៃចន្ទដើម្បីឱ្យដកនាយករដ្ឋមន្ត្រី Nawaz Sharif ចេញពីតំណែង បន្ទាប់ពីរបាយការណ៍របស់ក្រុមស៊ើបអង្កេតរួមគ្នាមួយ (JIT) បានព្រមព្រៀងគ្នាថា មានភ័ស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថា នាយករដ្ឋមន្ត្រីរូបនេះ និងគ្រួសាររបស់លោក បានកាន់កាប់ទ្រព្យសម្បត្តិលើសពីប្រាក់ចំណូល ដែលគេបានដឹង ។

          ក្រុមស៊ើបអង្កេត JIT ត្រូវបានបង្កើតឡើង នៅក្នុងខែមេសា នៅពេលដែលតុលាការកំពូល បានបដិសេធចំពោះការដកហូតសិទ្ធិអំណាចរបស់លោក Sharif ចេញពីតំណែង ដោយបញ្ជាក់អះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកលើរូបលោកនោះឡើយ។ អង្គចៅក្រមពិសេសមួយ ដែលមានសមាសភាពចៅក្រមបីរូប នឹងពិនិត្យមើលឡើងវិញនូវនីតិវិធី និងចេញដីកាកោះដើម្បីឱ្យលោកមកផ្តល់សក្ខីកម្មបន្ថែមទៀត ឬភស្តុតាងចាំបាច់ដើម្បីបញ្ចប់ភាពវឹកវររយៈពេលជាច្រើនខែមកនេះ។ តុលាការនឹងបន្តសវនាការ នៅថ្ងៃអង្គារនេះ។



រដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេសប៉ាគីស្ថាន កំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយប្រជាជនរបស់ខ្លួន និងប្រជាជននៅជុំវិញពិភពលោក។ កាលពីខែមេសា តុលាការយោធាប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិត លោក Kulbushan Jadhav មន្ត្រីផ្នែកកងទ័ពជើងទឹកឥណ្ឌា ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសប៉ាគីស្ថានអស់រយៈពេលមួយឆ្នាំមកហើយ។ តុលាការបានប្រកាសកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថា ជនជាប់ចោទ Jadhav មានពិរុទ្ធពីបទចារកម្ម និងបំផ្លិចបំផ្លាញផលប្រយោជន៍យោធាដោយចេតនា។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែឧសភា តុលាការយុត្ដិធម៌អន្ដរជាតិ បានបង្គាប់ឱ្យប្រទេសប៉ាគីស្ថានផ្អាកការប្រហារជីវិតអ្នកទោស រហូតដល់តុលាការអន្តរជាតិ ឈានដល់សេចក្តីសម្រេចចុងក្រោយរបស់ខ្លួន។ នៅខែមីនា រដ្ឋសភាប៉ាគីស្ថានបានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ដែលអនុញ្ញាតឱ្យតុលាការយោធាត្រួតត្រាលើជនស៊ីវិល ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ទាក់ទងនឹងអំពើភេរវកម្ម ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news