អង្គការរដ្ឋអ៊ីស្លាម ISIS ថ្មីៗនេះ បានបញ្ចេញវីដេអូដ៏គួរឱ្យរន្ធត់មួយ ដែលបង្ហាញអំពីការសម្លាប់អ្នកទោសដោយចងជើងព្យួរទៅលើ ហើយសម្លាប់ពួកគេដូច “ពន្លះ” សាច់ជ្រូច ដើម្បីអបអរពិធីបុណ្យសាសនា។
យោងតាមទំព័រ Dailymail វីដេអូដែលមានរយៈពេល ១២នាទីនេះ ត្រូវបានក្រុម ISIS បញ្ចេញកាលពីថ្ងៃទី ១២កញ្ញា នៅពេលសាសនិកអ៊ីស្លាមនៅលើពិភពលោក កំពុងអបអរថ្ងៃបុណ្យបូជាយញ្ញ Eid al-Adha។ ទីតាំងថតវីដេអូនេះត្រូវបានគេជឿថា នៅក្នុងកន្លែងសម្លាប់សត្វមួយនៅ Deir ez-Zor ភាគឦសានប្រទេសស៊ីរី។
រូបភាពពីវីដេអូនេះបង្ហាញថា ចំណាប់ខ្មាំងស្លៀកពាក់ឈុតពណ៌ទឹកក្រូចត្រូវបានអូសចូលក្នុងកន្លែងសម្លាប់សត្វ រួចចងព្យួរជើងទៅលើ ហើយប្រើកាំបិទអារ ក ។ ចំណាប់ខ្មាំងទាំងនេះ ត្រូវបានក្រុម ISIS ចោទប្រកាន់ថាជាអ្នកយកការណ៍ឱ្យអាមេរិក។
ទិដ្ឋភាពមួយផ្សេងទៀតបានបង្ហាញអំពីបុរសម្នាក់ស្លៀកពាក់ឈុតពណ៌ស និងបិទមុខ ហើយដៃទាំងពីរគ្រាកបុរសពីរនាក់ដែលជាប់ចំណង ដើម្បីយកទៅកាន់បន្ទាប់ប្រហារជីវិត។ ក្រៅពីនេះ វីដេអូនេះក៏បានកាត់តទិដ្ឋភាពមួយក្នុងរឿង Mission: Impossible ដើម្បីសើចចំអកឱ្យសកម្មភាពចារកម្ម។ គោលដៅនៃការបញ្ចេញវីដេអូនេះរបស់ក្រុម ISIS ត្រូវបានគេជឿថា គឺដើម្បីទប់ស្កាតសកម្មភាពចារកម្មរបស់បរទេស។
Abu Mohammed ស្ថាបនិករបស់អង្គការសិទ្ធិមនុស្សមួយ បានលើកឡើងថា នេះគឺជា “វីដេអូដ៏សាហាវបំផុត” ដែលគាត់ទើបតែបានឃើញ នៅពេលមនុស្សត្រូវបានគេអារកាត់សាច់ដូចសត្វចៀម។
សូមបញ្ជាក់ថា បុណ្យបូជាយញ្ញ Eid al-Adha គឺជាពិធីមួយដែលសាសនិកអ៊ីស្លាមរំលឹកដល់ព្យាការី Abraham ដែលបានត្រៀមខ្លួនជាស្រេចដើម្បីបូជាយញ្ញកូនប្រុសរបស់ខ្លួនសម្រាប់ព្រះនៅមុនពេលព្រះប្រទានសត្វចៀមមួយក្បាល។ ដូច្នេះ ក្នុងឱកាសនេះ សាសនិកអ៊ីស្លាមនឹងធ្វើពិធីបួងសួង និងសម្លាប់សត្វជាច្រើន ដូចជា គោ ចៀម ពពែជាដើមដើម្បីរំលឹកដល់ព្យាការី Abraham នេះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail