CamNews

តារា 

សាសា ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ដល់​សម្ដេច​តេជោ ហ៊ុន សែន ខណៈ​លោក សុខ ប៊ុន នឹង​វិល​មក​ពី​បារាំង

ភ្នំពេញ៖ អតីតពិធីការិនី និងជាតារាសម្ដែង កញ្ញា ឯក សុជាតា ហៅ សាសា ជាថ្មីម្ដងទៀត នៅថ្ងៃទី១៦ ខែកក្កដា នេះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ដែលមានប្រសាសន៍ ជាសាធារណៈ ក្នុងពិធីចែកសញ្ញាបត្រដល់ សាមណៈសិស្ស-និស្សិត ដោយព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និងចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន លើអំពើហិង្សាដ៏ឃោឃៅ ចំពោះនាង កាលពីរាត្រីថ្ងៃទី២ ខែកក្កដា កន្លងទៅ។

កញ្ញា សាសា បានថ្លែងប្រាប់ LookingTODAY នេះបន្តិចថា«ក្នុងនាមនាងខ្ញុំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ដែលលោកបានជួយស្វែងរកយុត្តិធម៌ ដល់រូបនាងខ្ញុំ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋដទៃទៀត ទូទាំងប្រទេស មិនថា អ្នកមាន ឬអ្នកក្រនោះទេ គឺសម្ដេចតែងតែផ្តល់ក្ដីមេត្តា ផ្ដល់ភាពយុត្តិធម៌ ជានិច្ច ។ ខ្ញុំពិតជារំភើបរីករាយ ជាពន់ពេក ហើយខ្ញុំគិតថា នេះជាយុត្តិធម៌មួយ យ៉ាងធំធេងសម្រាប់ខ្ញុំជាស្រ្តី ក៏ដូចជាយុត្តិធម៌ សម្រាប់ស្រ្តីផ្សេងៗទៀត ក្នុងសង្គមកម្ពុជា ដែលមានច្បាប់ត្រឹមត្រូវ...»។

កញ្ញា សាសា បានបន្តទៀតថា សម័យនេះ ជាសម័យមានបច្ចេកវិទ្យាជឿនលឿន ដូច្នេះសម្ដេចតេជោ ប្រាកដជាបានឃើញវីដេអូឃ្លីប វាយធ្វើបាបនាងយ៉ាងសាហាវ ក្នុង Facebook ឬតាមបណ្ដាញព័ត៌មានផ្សេងៗ ។  នាងបានបញ្ជាក់ថា មិនមែនដោយសារនាង មានឪពុក ជាឧកញ៉ាមានខ្នងបង្អែក ទើបមានការអន្តរាគមន៍ មានយុត្តិធម៌នោះទេ ទោះបីជាខ្ញុំអ្នកក្រគ្មានធនធាន ឬបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ត្រូវតែទទួលបានយុត្តិធម៌ដែរ ព្រោះសម្ដេចតេជោ តែងតែជួយជនរងគ្រោះ មិនថាមានឬក្រនោះទេ ជាពិសេសស្រ្តី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងជាសាធារណៈ ក្នុងពិធីបិទសន្និបាត ផ្សព្វផ្សាយការបោះបង្គោលព្រំដែន ក្នុងក្រសួងមហាផ្ទៃ ឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ខ្លួន លោក សុខ ប៊ុន ដែលបានបង្កហិង្សា ដ៏សាហាវ លើរូបកញ្ញា សាសា ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់ និង ជាចំណាត់ការមួយ ដែលសាសា គិត ថាជាយុត្តិធម៌សម នឹងនាងទទួលបាន។

ជាមួយគ្នានេះ ក្រុមគ្រួសារលោក សុខ ប៊ុន បានថ្លែងប្រាប់ LookingTODAY នៅមុននេះបន្តិចថា លោក សុខ ប៊ុន នឹងវិលត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង មកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។

ក្រុមគ្រួសាររបស់លោក សុខ ប៊ុន បានថ្លែងបញ្ជាក់ប្រាប់ថា សម្តែងនូវការគោរពដ៏ជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគោរពតាមអនុសាសន៍ គ្រប់បែបយ៉ាងរបស់សម្តេច ដើម្បីចូលខ្លួនមកដោះស្រាយផ្លូវច្បាប់ជាមួយតុលាការ នឹងសូមការអភ័យទោស ជាទីបំផុតពី សម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គង ដែលបានប្រើហិង្សាដល់កញ្ញា សាសា ផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh