CamNews

ព័ត៌មានអន្តរជាតិ 

ជនបំផ្ទុះគ្រាប់បែកនៅបារអាល្លឺម៉ង់ ប្រកាសថា “ស្មោះត្រង់នឹង ISIS”

សមត្ថកិច្ចបានឱ្យដឹងថា ជនដែលបានបំផ្ទុះគ្រាប់បែកនៅឯហាងបារមួយក្នុងក្រុង Ansbach
ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី ២៤កក្កដា បានអះអាងថា ខ្លួនគាំទ្រក្រុមភេរវកម្មរដ្ឋអ៊ីស្លាម។

AFP ដកស្រង់សំដីលោក Joachim Herrmann អ្នកដឹកនាំអង្គភាពមហាផ្ទៃនៃរដ្ឋ Bravia បានឱ្យ
ដឹងថា ក្នុងវីដេអូមួយដែលត្រូវបានរកឃើញក្នុងទូរស័ព្ទរបស់ជនល្មើសកាលពីម្សិលមិញ ជននេះ
បាន សន្យាថានឹងស្មោះត្រង់ចំពោះមេដឹកនាំក្រុម ISIS Abu Bakr al-Baghdadi ។

បើតាមលោក Herrmann ជនបំផ្ទុះគ្រាប់បែក “ប្រកាសថាសងសឹកចំពោះអាល្លឺម៉ង់ ព្រោះពួកគេ
រារាំងផ្លូវរបស់សាសនាអ៊ីស្លាម”។

សូមរំលឹកថា ឧបករណ៍ផ្ទុះមួយត្រូវបានបំផ្ទុះកាលពីយប់ថ្ងៃទី ២៤កក្កដា (ម៉ោងក្នុងស្រុក) នៅ
ឯហាងបារមួយកន្លែងក្នុងក្រុង Ansbach ប្រទេសអាល្លឺម៉ង់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច
ម្នាក់ និង រងរបួស ១២នាក់។ ជនល្មើសដែលបានបំផ្ទុះគ្រាប់បែកនេះ គឺជាបុរសវ័យ ២៧ឆ្នាំ ជាជន
ភៀសខ្លួនស៊ីរី។ ប៉ុន្តែ មកដល់ពេលនេះ នគរបាលមិនទាន់ប្រកាសឱ្យដឹងអំពីអត្តសញ្ញាណពិត
របស់ជននេះនៅឡើយ។

លោក Joachim Herrmann អ្នកដឹកនាំអង្គភាពមហាផ្ទៃនៃរដ្ឋ Bravia ប្រទេស​អាល្លឺម៉ង់

ទំព័រ Reuters បានចេញផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ Thomas de Maiziere បាន
សង្កត់ធ្ងន់ថា ប្រទេសនេះនឹងបង្កើនចំនួនសន្តិសុខនៅតាមបណ្ដាព្រលានយន្តហោះ ចំណតរថភ្លើង
និងទីតាំងត្រួតពិនិត្យសន្តិសុខ។ កងសន្តិសុខក៏នឹងបង្កើនការយកចិត្តទុកដាក់ទៅលើតំបន់ព្រំដែន
បន្ទាប់ពីប្រទេសនេះ ទទួលរងការវាយប្រហារ ៤លើក ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍។

ប្រែសម្រួល ៖ បុត្រា


Tags: បំផ្ទុះគ្រាប់បែក ភេរវកម្ម អាល្លឺម៉ង់