បុរសម្នាក់អាយុ ៧៩ឆ្នាំ បានក្លាយជាមនុស្សចម្លែករបស់អាហ្សង់ទីន ដោយសារតែគាត់ចំណាយ
ពេលពាក់កណ្ដាលជីវិត រស់នៅក្នុងរូងភ្នំជាមួយនឹងសត្វពពែក និងមាន់។
លោកតា Pedro Luca បានរស់នៅក្នុងរូងភ្នំ អស់រយៈពេល ៤០ឆ្នាំ នៅលើកំពូលភ្នំមួយ ស្ថិតក្នុង
ស្រុក San Pedro de Colalao ខែត្រ Tucuman ភាគខាងជើងនៃប្រទេសអាហ្សង់ទីន។ ទំព័រ AP
បានចុះផ្សាយថា បុរសវ័យ ៧៩ឆ្នាំរូបនេះ រស់នៅជាមួយ “មិត្ត” ទាំងឡាយរបស់ខ្លួន ដែលជាសត្វ
ពពែពីរក្បាល និងមាន់ឈ្មោល ១១ក្បាល។
Luca បានឱ្យដឹងថា គាត់មិនចាំបាច់មានទឹកស្អាត ឬអគ្គីសនី។ នៅពេលឃ្លាន គាត់យកកាំភ្លើង
ចេញទៅរកសត្វព្រៃ។ គាត់ចំណាយពេលដើរ ៣ម៉ោង ដើម្បីទៅយកទឹកនៅក្នុងទន្លេមួយនៅក្បែរ
នោះ។
ជារៀងរាល់ព្រឹក លោកតា Luca ក្រោកពីសម្រាន្តនៅវេលាម៉ោង ៣ទាបភ្លឺ នៅពេលមាន់រងាវម្ដង។
ការងារដំបូងដែលគាត់ត្រូវធ្វើ គឺការបង្កាត់ភ្លឺ ដែលនេះត្រូវបានលោកចាត់ទុកថា ជាកត្តាមួយដែល
នាំឱ្យគាត់មានជីវិតដល់សព្វថ្ងៃ។ បន្ទាប់មក សត្វពពែ និងមាន់ បានចាប់ផ្ដើមចេញរកចំណីនៅ
ជុំវិញរូងភ្នំ។ នៅពេលមេឃចាប់ងងឹត ពួកវាក៏វិលចូលរូងភ្នំវិញ ដើម្បីរកទ្រនំ និងទីជម្រក។
រាល់ថ្ងៃ លោកតា Luca បានចំណាយពេល ៣ម៉ោង ដើម្បីដើរជុំវិញភ្នំដែលគាត់រស់នៅ។ ថ្វីបើធ្មេញ
នៅសល់តែប៉ុន្មានដើម ប៉ុន្តែ គាត់មើលទៅដូចជានៅក្មេង បើធៀបនឹងបុរសវ័យ ៧៩ឆ្នាំដទៃ។
យូរៗម្ដង លោកតា Luca ក៏ទៅផ្សារ នៅឯទីរួមស្រុក San Pedro de Colalao ដើម្បីទិញរបស់របរ
ប្រើប្រាស់ ដូចជាទៀន ពោត ។ល។ លោកតា Luca ទទួលបានប្រាក់ឧបត្ថម្ភមនុស្សចាស់ពីរដ្ឋ
ប្រហែលពី ១០០ ទៅ ២០០ដុល្លារអាមេរិក ក្នុងមួយខែ។ ឧបករណ៍បច្ចេកវិទ្យាតែមួយគត់របស់
លោកតា នោះគឺវិទ្យុដើរដោយថាមពលថ្ម ប៉ុន្តែ លោកតាមិនសូវប្រើវាទេ ព្រោះថារលកធាតុអាកាស
នៅទីនេះខ្សោយណាស់។
និយាយអំពីមូលហេតុដែលនាំឱ្យលោកតា រស់នៅតែឯងក្នុងរូងភ្នំបែបនេះ លោកតាថ្លែងថា តាំងពី
តូចមក គាត់តែងតែចង់រស់នៅជាមួយធម្មជាតិ។
ដើមឡើយ Luca ត្រូវបានលោកតារបស់គាត់ចិញ្ចឹមតាំងពីតូច។ វ័យ ១៤ឆ្នាំ Luca បានចាកចេញ
ពីទីនេះ ដើម្បីទៅទេសចរណ៍ ហើយបានរកស៊ីចិញ្ចឹមជីវិត ដោយមុខរបរដឹកធ្យូងទៅកាន់ប្រទេស
បូលីវី (Bolivia)។
ក្រោយមក Luca ក៏បានវិលមករស់នៅក្នុងរូបភ្នំ។ ការរស់នៅតែឯងក្នុងរយៈពេល ៤០ឆ្នាំ បានជួយ
ឱ្យលោកតា Luca បានល្បីឈ្មោះ។ រូងភ្នំរបស់គាត់ បានក្លាយជាទីតាំងទេសចរណ៍របស់ក្រុមអ្នក
ទេសចរណ៍ និងសិស្សសាលាក្នុងតំបន់។
លោកតា Luca ថ្លែងថា ៖ “ខ្ញុំមិនដែលសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំជ្រើសរើសកន្លែងនេះ។ នៅ
ក្បែរនេះ ក៏មានរូបភ្នំមួយផ្សេងទៀត ប៉ុន្តែ ខ្ញុំចូលចិត្តរូបភ្នំនេះជាង”។ លោកតាប្រាប់ថា ពេលខ្លះ
គាត់ក៏ចង់ដើរលេងជុំវិញពិភពលោក ប៉ុន្តែ ដោយសារមានសមុទ្រច្រើន គាត់ត្រូវចំណាយពេលច្រើន
ដូច្នេះ បំណងរបស់គាត់ មិនបានសម្រេចនោះទេ។
ប្រែសម្រួល ៖ បុត្រា