CamNews

ព័ត៌មានអន្តរជាតិ 

ISIS បំផ្ទុះគ្រាប់បែកនៅរដ្ឋធានីរបស់អ៊ីរ៉ាក់ សម្លាប់មនុស្ស ១៧នាក់

អង្គការរដ្ឋអ៊ីស្លាមចេញមុខទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់បែកនៅតំបន់ពាណិជ្ជកម្ម
មួយក្នុងរដ្ឋធានី Baghdad នៃប្រទេសអ៊ីរ៉ាក់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ១៧នាក់។

ក្រុម​ ISIS នៅក្នុង​ក្រុង Mosul 

អង្គការរដ្ឋអ៊ីស្លាម ISIS ប្រកាសថា បណ្ដាឧទ្ទាមបំផ្ទុះគ្រាប់បែកអត្តឃាតពាក់អាវដែលបំពាក់ទៅ
ដោយជាតិផ្ទុះ កាលពីម្សិលមិញ បានវាយប្រហារទៅលើតំបន់ Baghdad al-Jadida ភាគខាងកើតក្រុង
Baghdad និង Bayaa នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ តំបន់ទាំងនេះ សម្បូរដោយអ្នកកាន់សាសនា
អ៊ីស្លាម និកាយ Shiite។

AFP ដកស្រង់សំដីរបស់មន្ដ្រីសន្តិសុខ និងសុខាភិបាលអ៊ីរ៉ាក់ ឱ្យដឹងថា យ៉ាងហោចមានមនុស្សស្លាប់
១៧នាក់ ក្នុងនោះ ៨នាក់ស្លាប់នៅ Baghdad al-Jadida និង ៩នាក់ស្លាប់នៅ Bayaa។

ក្រុម ISIS និងក្រុមអ៊ីស្លាមនិកាយ Sunni បានចាត់ទុកក្រុមអ៊ីស្លាមនិយាយ Shiite ថាជា “សាសនា
ចម្លែក” ។ ISIS តែងតែវាយប្រហារទៅលើប្រជាជនសាមញ្ញ នៅក្នុងតំបន់ដែលមានអ្នកកាន់សាស
នាអ៊ីស្លាមនិកាយ Shiite ក្នុងក្រុង Baghdad។

ក្រុម ISIS ក៏បានទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនៅភាគខាងលិចក្រុង
Baghdad កាលពីថ្ងៃទី ២៥កញ្ញា ដែលបានសម្លាប់មនុស្ស ៦នាក់ ហើយមុននោះមួយថ្ងៃ ក្រុម
ISIS បានបើកការវាយហារដោយកាំភ្លើង និងគ្រាប់បែកនៅក្នុងតំបន់ Tikrit ភាគខាងជើងក្រុង
Baghdad បណ្ដាលឱ្យមានមនុស្សស្លាប់១២នាក់។

សមត្ថកិច្ច​នៅក្នុង​តំបន់​ Baghdad al-Jadida ដែល​មាន​ភេរវកម្ម​បំផ្ទុះគ្រាប់បែកអត្តឃាត

កងទ័ពអ៊ីរ៉ាក់ កំពុងតែត្រៀមវាយប្រហារទៅកាន់ Mosul ដែលជាទីក្រុងចុងក្រោយដែលកំពុងត្រូវ
បានគ្រប់គ្រងដោយក្រុម ISIS បន្ទាប់ពីដណ្ដើមបានតំបន់មួយចំនួនពីពួកឧទ្ទាមនេះ។ ប៉ុន្តែ ក្រុម
ISIS នៅតែមានលទ្ធភាពវាយប្រហារទៅលើទីតាំងនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ាក់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ IBTime


Tags: ISIS អង្គការរដ្ឋអ៊ីស្លាម បំផ្ទុះគ្រាប់បែកអត្តឃាត