ភ្នំពេញ៖ កំពូលតារាចម្រៀងបែបយុវវ័យយេៗ ប្រចាំក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កំពុងតែរក្សាបាននូវភាពល្បីល្បាញ និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់មហាជន តាមរយៈបទចម្រៀងពីរោះៗ ជាច្រើនបទក្នុងអាល់ប៊ុមថ្មី ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះ ជាពិសេសបទញាក់កន្រ្តាក់អារម្មណ៍ ត្រូវនឹងចិត្តយុវវ័យ។
ជាក់ស្ដែងកាលពីពេលថ្មីនេះ កញ្ញា សុខ ពិសី បានបញ្ចេញបទញាក់ កន្រ្តាក់អារម្មណ៍ក្នុងកម្មវិធីប្រគំតន្រ្តី«យុវវ័យ» របស់ស្ថានីយទូរទស្សន៍ បាយ័ន និងកម្មវិធីតន្រ្តី បែបយុវវ័យក្នុងស្ថានីយទូរទស្សន៍ផ្សេងៗ ជាច្រើនទៀត ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនា និងមហាជនទូទៅ។ ជាការពិតគ្រាន់តែពិធីករ-ពិធីការិនីប្រកាសថា កំពូលតារាចម្រៀង សុខ ពិសី នឹងបកស្រាយបទចម្រៀងនោះ គេសង្កេតឃើញសំឡេងទះដៃ ហ៊ោកញ្ជ្រៀវ ចេញពីទស្សនិកជន អ្នកគាំទ្រលាន់ឡើងកក្រើកកន្លែងផ្សាយផ្ទាល់តែម្ដង។
អ្វីដែលធ្វើឲ្យតារាចម្រៀង សុខ ពិសី កាន់តែរំភើបចិត្តខ្លាំងនោះ គឺគ្រាន់តែនាងច្រៀងចប់ភ្លាម មានអ្នកគាំទ្រជាច្រើន បានចោមរោមសុំនាងថតរូបជាមួយ យ៉ាងណែនណាន់តានតាប់ ស្ទើរតែរកផ្លូវដើរចូលទៅកន្លែងចតរថយន្តមិនរួច ។ សកម្មភាពទាំងអស់នេះ បានបង្ហាញឲ្យដឹងថា តារាចម្រៀង សុខ ពិសី នៅតែទទួលបានប្រជាប្រិយភាពខ្លាំង លំដាប់កំពូលដដែល ជាពិសេសអាល់ប៊ុបបទ «លើសពី Fanបានអត់?» និងបទ «ផ្ដើមពីFan» ដែលបានចាប់ដៃគ្នា ជាមួយនឹងតារាចម្រៀង ខេមរៈ សិរីមន្ត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល