CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតម្នាក់ស្លាប់ ៣ នាក់រងរបួស ដោយអំពើចាក់សម្លាប់ នៅសាកលវិទ្យាល័យ មួយ

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស បានឱ្យដឹងថា បុរសម្នាក់ ដែលបានចូលរៀន នៅសាកលវិទ្យាល័យ Texas បានប្រព្រឹត្ដអំពើចាក់សម្លាប់ ទៅលើនិស្សិតដូចគ្នាយ៉ាងសេរី  ដោយកាំបិតស្នៀត នៅបរិវេណសាលាក្រុង Austin កាលពីថ្ងៃច័ន្ទ ដោយបានសម្លាប់និស្សិតម្នាក់ និងបីនាក់ទៀត ដែលគេជឿថា ជាសិស្សផងដែរនោះ រងរបួស។

ជនសង្ស័យ ដែលត្រូវបានគេអត្ដសញ្ញាណថា មានឈ្មោះ Kendrex  White ត្រូវបានចាប់ខ្លួនរយៈពេលពីរនាទី បន្ទាប់ពីប៉ូលីសប្រចាំការ នៅបរិវេណសាលានោះ ទទួលបានរបាយការណ៍អំពីការចាក់ប្រហារ នៅបរិវេណសាលា។  White ត្រូវបានប៉ូលីសសួរចម្លើយ ហើយការចោទប្រកាន់ជាផ្លូវការ ចំពោះការចាក់ប្រហារ ទំនងជាបានលើកឡើងនៅពេលក្រោយ។

មេបញ្ជាការប៉ូលិសប្រចាំការ នៅសាកលវិទ្យាល័យ Texas ក្នុងទីក្រុង Austin បាននិយាយប្រាប់សន្និសីទកាសែតមួយថា៖ "ខ្ញុំមិនដឹងថា អ្វីជាកម្លាំងជម្រុញចិត្ដគាត់ឱ្យប្រព្រឹត្ដិអំពើនេះ នោះទេ" ។



White ត្រូវបាន ប៉ូលីសប្រចាំក្រុង Austin ធ្វើការចោទប្រកាន់ពីបទល្មើសមួយ ដែលមិនត្រូវបានចុះបញ្ជី នៅក្នុងរបាយការណ៍ពន្ធនាគារអនឡាញនោះទេ ។ ប៉ូលិសបាននិយាយថា ជនរងគ្រោះទាំងអស់ ត្រូវបានគេរកឃើញ នៅក្នុងបរិវេណប្លុកមួយ   ហើយសុទ្ធតែជាបុរស ដែលមានអាយុ ២០ និង ២១ ឆ្នាំ ។ ឈ្មោះរបស់ពួកគេ មិនត្រូវបាន ចេញផ្សាយឱ្យដឹងឡើយ។

នាយកសាកលវិទ្យាល័យ លោក Greg Fenves បាននិយាយប្រាប់សន្និសីទកាសែតថា៖ “ខ្ញុំមានការសោកស្ដាយរកថ្លែងមិនត្រូវ ចំពោះការបាត់បង់នេះៗ”។ លោកអនុសេនីយឯក Rick Rutledge បាននិយាយ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា  បុរស ដែលត្រូវបានគេចាក់សម្លាប់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោក Greg Abbott អភិបាលរដ្ឋ Texas បាននិយាយ នៅក្នុងសេចក្ដីថ្លែងការមួយថា៖” យើងសូមបួងសួង ដល់ជនរងគ្រោះទាំងអស់ ដែលរងគ្រោះថ្នាក់ដោយហេតុការណ៍សោកនាដកម្មនេះ”៕

ប្រែសម្រួល ៖ ដេវីដ


ប្រភព ៖ Reuters


Tags: International news