CamNews

ព័ត៌មានជាតិ 

នាយនគរបាល ប៉ុស្ដិ៍ចាក់អង្រែលើ ដែលត្រូវប្រពន្ធចុង ចាក់ពីរកាំបិត បានស្លាប់

ភ្នំពេញ ៖ នាយនគរបាល ចាក់អង្រែលើ ខណ្ឌមានជ័យ លោក ឈម បូរិន ដែលត្រូវ ប្រពន្ធចុង ចាក់ពីរកាំបិត ធ្លាយពោះវៀន កាលពី១០ថ្ងៃមុន បានទទួល មរណភាព នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែល ស្ដ្រីដៃដល់ និងបក្ខពួកម្នាក់ទៀត មិនទាន់ត្រូវ បានចាប់ខ្លួន នៅឡើយនោះ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ចាក់អង្រែលើ បាននិយាយថា ក្រោយពីដេក សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត អស់រយៈពេល១០ ថ្ងៃ ចាប់តាំងពីថ្ងៃកើតហេតុ យប់ទី១៩ ខែ សីហា ឆ្នាំ២០១៤ លោក ឈម បូរិន បានទទួលមរណភាព រួចសពរបស់លោក ត្រូវបាន ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ស្ថិតនៅក្បែរ ទីស្នាក់ការប៉ុស្ដិ៍ ចាក់អង្រែលើ ។

សូមបញ្ជាក់ថា នាយនគរបាល ប៉ុស្ដិ៍រដ្ឋបាល ចាក់អង្រែលើ នៃអធិការដ្ឋាន នគរបាលខណ្ឌ មានជ័យ លោក ឈម បូរិន ត្រូវប្រពន្ធចុង របស់ខ្លួនជាកម្មការិនី កាត់ដេរ នៅរោងចក្រ បានចាក់ និងកាំបិតចុងស្រួច ចំនួន ពីរកាំបិត ធ្លាយពោះវៀន ចេញមកក្រៅ បណ្ដាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។

ការភ្ញាក់ផ្អើល នៃសកម្មភាព ប៉ុនប៉ងសម្លាប់ មន្ដ្រីនគរបាល ពីសំណាក់ប្រពន្ធទី២ របស់ខ្លួនខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ៨ និង២០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះ របស់ស្ដ្រីដៃដល់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពោលនៅក្បែរទីស្នាក់ការប៉ុស្ដិ៍ ចាក់អង្រែលើតែម្ដង។

យ៉ាងណាក៏ដោយ ស្ដ្រីដៃដល់ និងបក្ខពួកម្នាក់ទៀត ស្រីតែងខ្លួនជាប្រុស ដែលសមត្ថ កិច្ចសង្ស័យថា អាចពាក់ព័ន្ធ ទៅនឹងសកម្មភាព បទល្មើសមួយនេះ បាននឹងកំពុងរត់គេច ខ្លួន ក្រោយពេល កើតហេតុភ្លាមៗ ហើយត្រូវ បានកម្លាំង សមត្ថកិច្ច កំពុងតាមប្រមាញ់ចាប់ ពួកគេទាំងពីរ នាក់ យកទៅផ្ដន្ទាទោសតាម ផ្លូវច្បាប់ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងថា លោក ឈម បូរិន ទើបនឹងត្រូវ បានថ្នាក់លើ ប្រកាស ឱ្យកាន់ តំណែងជានាយ នគរបាល ប៉ុស្ដិ៍ចាក់អង្រែលើ កាលពីពេលកន្លង ទៅថ្មីៗនេះ ខណៈដែលអតីត នាយនគរបាល ប៉ុស្ដិ៍ត្រូវចូលនិវត្ដន៍ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌរូបនេះ បាន និយាយថា លោក ឈម បូរិន បានលួចមាន ប្រពន្ធចុង រស់នៅក្បែរទី ស្នាក់ការប៉ុស្ដិ៍របស់ ខ្លួន ក្នុងសង្កាត់ចាក់អង្រែលើ អស់រយៈពេល ជាយូរណាស់មកហើយ លុះមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ មានជម្លោះជាមួយគ្នា ប៉ុន្ដែមិនដឹងថា មកពី មូលហេតុអ្វីនោះ ឡើយរហូតធ្វើឱ្យស្ដ្រីជាប្រពន្ធ ចុងចាក់ដោយ កាំបិតចុងស្រួច យ៉ាងដូច្នេះឡើយ ខណៈដែល កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំង នគរបាល មូលដ្ឋាន បាននឹងកំពុងធ្វើការស្រាវ ជ្រាវសួរនាំបន្ដទៀត ជុំវិញករណីនេះ ។

មន្ដ្រីនគរបាល មូលដ្ឋាន បានលួចបង្ហើបឱ្យដឹងថា លោក ឈម បូរិន បានលួចទំនាក់ ទំនងស្នេហ៍ ជាមួយស្ដ្រីជាជនដៃដល់ឈ្មោះ សេង ណែហៀក ជាកម្មការិនីកាត់ដេរនៅ រោងចក្រយីហោ ឃីងឌើនីតធីង ស្ថិតនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អស់ រយៈពេលប្រមាណ៧ឆ្នាំមកហើយ មិន ឱ្យ ប្រពន្ធដើមដឹងនោះទេ ប៉ុន្ដែក្នុងរយៈពេលថ្មីៗ កន្លងទៅនេះ ស្ដ្រីជាប្រពន្ធដើម បានដឹងរឿង រ៉ាវ ប៉ុន្ដែក៏មិនទាន់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះ ឡើយ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា សម្រាប់ ការលួចទំនាក់ទំនង ស្នេហ៍អស់ រយៈពេល៧ ឆ្នាំមកនេះ ជនរងគ្រោះ និងជនដៃដល់ពុំដែល មានបញ្ហាអ្វីឡើយ លុះរយៈពេល ចុងក្រោយ នេះ ស្រាប់តែមានមនុស្សស្រីម្នាក់ តែងខ្លួន ជាប្រុស មានចិត្ដស្រឡាញ់ទៅលើជនដៃដល់ (ស្រីស្រឡាញ់ស្រី) ។

នៅពេលដែល បុគ្គលស្រីតែងខ្លួន ជាប្រុស រូបនេះ ចូលទៅរំខានទំនាក់ទំនងរបស់ពួកគេ ទាំងពីរនាក់ បុគ្គលខាងលើ ក៏ចាប់ផ្ដើមនិយាយ ដើមនិងនិយាយបង្ខូចប្រាប់ប្រពន្ធចុងរបស់ នាយនគរបាលប៉ុស្ដិ៍ ដូចជាថា ពេលខ្លះឃើញ លោកឈម បូរិន ដឹកស្រីផ្សេង ធ្វើយ៉ាងណា ឱ្យស្ដ្រីប្រពន្ធចុងនេះ ខឹងសម្បារ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា អាចបណ្ដាលមកពីបញ្ហានេះ បានធ្វើឱ្យជន រងគ្រោះនិងជនដៃដល់ជាប្រពន្ធចុង បានឈ្លោះ ប្រកែកគ្នា យ៉ាងខ្លាំង នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ រហូតស្ដ្រីជាប្រពន្ធចុង បានទាញកាំបិតចាក់មកលើជនរងគ្រោះចំនួន២កាំបិត ដោយមួយកាំបិត ចំភ្លៅ និងមួយកាំបិតទៀតចំពោះធ្លាយពោះវៀន ចេញមកក្រៅ រងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឱ្យ មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ ចុះទៅជួយអន្ដរាគមន៍និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន កាំបិតចុង ស្រួច ដែលជនដៃដល់ចាក់នាយនគរបាល ប៉ុស្ដិ៍នោះ គឺជារបស់ស្ដ្រី តែងខ្លួនជាប្រុស ដូច្នេះ ករណីនេះ ស្ថិតក្រោមការស្រាវជ្រាវ យ៉ាងយកចិត្ដទុក ដាក់ពីនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលខណ្ឌមានជ័យបន្ដទៀត ពីព្រោះអាចជាប់ពាក់ព័ន្ធនិងស្ដ្រីដែលតែងខ្លួនជាប្រុសនោះ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន ក្រោយចាក់ មេប៉ុស្ដិ៍ចាក់អង្រែលើរួចហើយ ជនដៃដល់ និងស្រីតែងខ្លួនជាប្រុស បាននាំគ្នារត់គេចខ្លួន បាត់ ហើយស្ថិតក្រោមការតាមប្រមាញ់របស់កម្លាំងសមត្ថកិច្ច ៕

ស្រី្ដជាប្រពន្ធដែលកំពុងរត់គេចខ្លួន

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh