ព័ត៌មានអន្តរជាតិ ៖ ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ (AP) - ក្រុមពន្លត់អគ្គិភ័យជាង ១,៥០០ នាក់នៅក្នុងប្រទេសព័រទុយហ្គាល់ កំពុងតែពុះពារដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំមួយ នៅតំបន់ភាគកណ្តាលនៃប្រទេសនេះ ជាកន្លែងដែលអគ្គិភ័យ បានសម្លាប់មនុស្សប្រមាណ ៦២ នាក់។
កម្លាំងបន្ថែម នឹងមកដល់ នៅថ្ងៃចន្ទនេះ រួមបញ្ចូលទាំងយន្តហោះទម្លាក់ទឹកពីលើអាកាសជាច្រើនគ្រឿង មកពីប្រទេសអេស្ប៉ាញ បារាំង និងអ៊ីតាលី ដែលជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប។
ព័រទុយហ្គាល់ កំពុងកាន់ទុក្ខកម្រិតថ្នាក់ជាតិរយៈពេលបីថ្ងៃមកហើយ បន្ទាប់ពីមនុស្ស ៦២ នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃមួយ កាលពីយប់ថ្ងៃសៅរ៍ នៅជុំវិញទីក្រុង Pedrogao Grande ដែលជាគ្រោះអគ្គិភ័យដ៏មរណៈបំផុត នៅក្នុងកំណត់ត្រា។ ក្រុមពន្លត់អគ្គិភ័យជាង ១,០០០ នាក់ នៅតែចូលរួមក្នុងការជួយពន្លត់អគ្គិភ័យ នៅប្រហែល ១៥០ គីឡូម៉ែត ភាគខាងជើងនៃទីក្រុង Lisbon ។
អាកាសធាតុក្ដៅហែង ព្រមដោយសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ (104 Fahrenheit) និងខ្យល់បោកបក់ខ្លាំង និងស្ងួត ក្រោយរយៈពេលជាច្រើនសប្តាហ៍ ដោយមានភ្លៀងធ្លាក់តិចតួច បង្កឱ្យមានអគ្គិភ័យឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅបែបនេះ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ AP