ព័ត៌មានកីឡា៖ លោក Louis van Gaal បានមានប្រសាសន៍កាលពីថ្ងៃពុធថា កីឡាករចាំទីឈ្មោះ Victor Valdes ដែលក្លឹបបានផ្ទេរកាលពីដើមឆ្នាំ អាចគ្រោងនឹងលក់ចេញជាមិនខាន ក្រោយពីការបដិសេធនឹងជើងលេង ជាមួយក្រុម ដោយកីឡាករត្រូវលេងក្នុងក្រុមទី ២ របស់ក្លឹប។
អ្នកចាំទីថ្មីរបស់ Man United ដែលក្រុមទើបតែផ្ទេរចេញពីក្លឹប Barcelona កាលពីខែកមរា ដើមឆ្នាំ ២០១៥ នេះ ត្រូវបានថ្នាក់ដឹកនាំអះអាងថា អាចនឹងត្រូវលក់ចេញនាពេលឆាប់ៗនេះ ប្រសិនជាមិនយល់ព្រមធ្វើតាមលក្ខខណ្ឌរបស់ក្លឹប សម្រាប់ការលេង។
លោក Van Gaal បាននិយាយថា" នៅពេលដែល អ្នកមិនគោរពតាមការរៀបចំ និងគោរពច្បាប់របស់ក្លឹបទេនោះ គឺមានតែផ្លូវមួយ គត់គឺមានតែលក់ចេញ.."។
តាមការអះអាងរបស់ លោក Louis Van Gaal អាចទំនងបង្ហាញឲ្យដឹងថាដំណើររបស់ Victor Valdes នឹងខ្ទាតចេញពី Man United លឿនជាង David De Gea ប្រសិនជាកីឡាករ នៅតែរឹងទទឹងមិនរណបនឹងការដឹកនាំរបស់ ក្លឹប។
លោក Louis Van Gaal បានអះអាងបន្ថែមទៀតថា ក្លឹបនឹងជួយគាត់ដើម្បីស្ដារសមត្ថភាពឡើងវិញ ក្នុងអាជីពជាកីឡាករ ដោយជ្រើសតាំងឲ្យលេងក្នុងក្រុមទី ២ ប៉ុន្ដែគាត់បែជាបដិសេធទៅវិញ។ ហេតុនេះហើយបើគាត់នៅតែជំទាស់ចង់ធ្វើដូច្នេះទៀត នោះគឺគាត់នឹងមិនអាច បន្ដជើងប្រកួត ជាមូយក្លឹបទៀតនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sports.ndtv