(ភ្នំពេញ)៖ ឯកសណ្ឋានថ្មី ឆ្នាំ២០១៦ សម្រាប់ប្រកួតក្នុងផ្ទះ (ក្នុងដី) របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញលក់ ពីចាប់ថ្ងៃចន្ទ ទី០៦ ខែមិថុនានេះតទៅហើយ ដោយមានតម្លៃ ១៨ដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
ទន្ទឹមនឹងនោះដែរ សម្រាប់ប្រិយមិត្តដែលមានបំណងចង់គាំទ្រក្រុមកីឡាបាល់ទាត់កម្ពុជា ប៉ះក្រុមភ្ញៀវចិនតៃប៉ិ រាត្រីស្អែកនេះ អាចរកទិញអាវថ្មីបានហាងលក់សម្លៀកបំពាក់កីឡា The Blue Sports Center ឬអាចទំនាក់ទំនង តាមទូរស័ព្ទ 016 860 860 និង 088 22 22 90 7។
សូមបញ្ជាក់ផងដែរថា សម្រាប់ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០១៦នេះ ដែលដាក់លក់លើកដំបូងនេះ គឺមានត្រឹមតែ ១០០០អាវប៉ុណ្ណោះ ក្រោមទំហំទាំង៤ (S, M, L និង XL) ហើយសហព័ន្ធ នឹងដាក់លក់បន្តទៀត នៅពេលដែលទទួលបានអាវបន្ថែមពីរោងចក្រ FBT នាពេលខាងមុខ ដែលមានតែ១ពណ៌គត់ គឺខ្មៅលាយខៀវ ដែលស្រដៀង ទៅនឹងឈុតរបស់ក្រុមជម្រើសជាតិមាន់គកបារាំងផងដែរ។
ឈុតថ្មីឆ្នាំ២០១៦នេះ ក្រុមឈុតធំជម្រើសជាតិ ទើបតែបានពាក់ម្តងនៅឡើយទេ ពេលដែលប្រកួតឈ្នះក្រុមភ្ញៀវទីម័រ ខាងកើត ២-០ ក្នុងមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង