(ភ្នំពេញ)៖ រថយន្ត Camry បាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ដែលជារថយន្តលក្ខណ:គ្រួសារ មានមនុស្សចាស់ និងក្មេង៦នាក់ ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ បើទោះបីរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បានទៅជួយអន្តរាគមន៍ បាញ់ពន្លត់ក៏ដោយនោះ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ជិត៩ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅតាមផ្លូវ ចុះពីស្ពានលីយ៉ុងផាត់ ទៅត្រើយខាងកើត សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
លោក ជឹម សារ៉ាត់ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ថា រថយន្តមួយគ្រឿងនេះ ត្រូវភ្លើងឆេះពីផ្នែកខាងមុខ សង្ស័យឆ្លងភ្លើង បណ្តាលឲ្យមានផ្សែងហុយ និងអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះ អ្នកបើករថយន្ត និងអ្នកជិះទាំងចាស់ទាំងក្មេង ចំនួន៦នាក់បាននាំគ្នាចុះចេញពីរថយន្ត ហើយប្រមូលយកឥវ៉ាន់ក៏មិនទាន់ផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី