ភ្នំពេញ៖ តារាសម្ដែង កំពុងមានយីអ៊ុនឡើងខ្ពស់ នាងព្រះកាយច័ន្ទ មួយរយៈចុងក្រោយនេះ ត្រូវបានទស្សនិកជន ទទួលស្គាល់ថា នាងជាតារាវ័យក្មេង ដែលមានទាំងទេពកោសល្យ និងសមត្ថភាព ក្នុងការសម្តែង ច្រៀងរាំ ការដើរម៉ូដ និង ការធ្វើជាពិធីការិនី ជាដើម។ ជាងនេះទៅទៀត នាងក៏មានសម្រស់ស្រស់ស្អាត មិនចាញ់តារាល្បីឯទៀតប៉ុន្មានឡើយ។
ស្របពេល ដែលអាជីពសិល្បៈ កាន់តែមានសន្ទុះហក់ឡើង ទៅមុខគួឲ្យគត់សម្គាល់ ថ្មីៗនេះ តែងលេចឮព័ត៌មានថា ព្រះកាយច័ន្ទ ធ្លាប់បានភ្ជាប់ ទំនាក់ទំនងស្នេហា ឆ្លងទ្វីបជាមួយអាណិកជនខ្មែរ ក្រៅស្រុកម្នាក់។ មិនតែប៉ុណ្ណោះបច្ចុប្បន្នក៏មានដំណឹងថា កំពុងមានមន្រ្តីធំ តាមចែចង់ប្រលោមស្នេហ៍នាងទៀតផង។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទមុននេះបន្តិច លោក ពៅ ច័ន្ទតារា ត្រូវជាឪពុកបង្កើត របស់តារាសម្តែងនិងចម្រៀង ព្រះកាយច័ន្ទ បាននិយាយថា «រាល់ថ្ងៃពិតជាមាន អ្នកតាមស្រលាញ់ មិនមែនអត់មានទេ គ្រាន់តែថា កូនខ្ញុំអត់ទាន់គិតរឿងនេះ។ យ៉ាងណាក្ដី រាល់អ្នកដែលចង់ ទំនាក់ទំនងស្រលាញ់ ព្រះកាយច័ន្ទ ក៏ត្រូវឆ្លងកាត់ខ្ញុំសិនដែរមុនសម្រេចចិត្ត ទទួលយក នរណាម្នាក់នោះ..»។
លោក ពៅ ច័ន្ទតារា បានបញ្ជាក់ថា «បើនិយាយពីរឿង មានគូស្នេហ៍កំណាន់ចិត្ត ឬទំនាក់ទំនងស្នេហា លាក់បាំងអីនោះ ព្រះកាយច័ន្ទ កូនខ្ញុំ គឺពេលនេះគ្មានទេ»។ ដោយឡែកនៅពេលសួរថា តើពេលណាទើបលោកពូរៀបចំឲ្យ ព្រះកាយច័ន្ទ មានស្វាមី ?
សំណួរនេះ ត្រូវបានលោក ពៅ ច័ន្ទតារា ឆ្លើយប្រាប់មកវិញថា រឿងមានប្តី គឺលោកតែងតែចង់ឲ្យកូនស្រី របស់ខ្លួនមានប្ដីឆាប់ៗ តែរហូតមកទល់ពេលនេះ គ្មានបុរសណាម្នាក់ ដែលគួរឲ្យទុកចិត្តឡើយ ព្រោះមនុស្សប្រុសទាំងនោះ ភាគច្រើន ជាអ្នកមានទ្រព្យសម្បត្តិ និងមុខមាត់អំណាច ក្នុងសង្គមមែន ប៉ុន្តែមិនមែនខ្លួនមួយទេ គឺជាបុរស ដែលមានប្រពន្ធកូន ហើយនៅតែព្យាយាម មកទាក់ទង ចង់ស្រលាញ់កូនស្រីលោកទៀត។
ឪពុករបស់ ព្រះកាយច័ន្ទ បាននិយាយទៀតថា ឪពុក-ម្តាយគ្រប់រូប តែងចង់ឲ្យកូនមានប្តី និងចង់ឲ្យកូនរកបានបុរសល្អម្នាក់ ដែលអាចពឹងពាក់ ទៅថ្ងៃអនាគតបាន ហើយលោក ពិតជាចង់ឃើញកូនស្រី ព្រះកាយច័ន្ទ រៀបការឆាប់ៗណាស់។ ប៉ុន្តែធ្វើម៉េច បើពេលនេះមិនទាន់រកឃើញ បុរសណាម្នាក់ដែលល្អពិតប្រាកដ អាចផ្ញើវាសនា ទៅថ្ងៃអនាគតបានផងនោះ។
ជាមួយគ្នានេះ លោក ពៅ ច័ន្ទតារា ក៏បានសម្តែងការព្រួយបារម្ភ ក្នុងចិត្ត ខណៈដែលកូនស្រី ព្រះកាយច័ន្ទ កាន់តែមានអាយុច្រើន ហើយនៅមិនទាន់ រកឃើញគូស្នេហ៍ពិត ដើម្បីផ្ញើខ្លួនផ្ញើប្រាណនោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល