ភ្នំពេញ៖ តារាសម្តែងរាងរៅដំបង ពេជ្រ ថាវរ៉ា ក្រោយពីបរាជ័យផ្ទួនៗគ្នា លើវិថីជីវិតស្នេហាក្រៅឆាក និងរបរបើកមុខ ជំនួញខាងក្រៅមកនោះ នាងហាក់បាត់មុខ អស់មួយសន្ទុះធំ ពីការងារសម្តែង ក្នុងអាជីពសិល្បៈនាអំឡុងឆ្នាំ២០១៤ ស្ទើរតែទាំងស្រុង ខណៈតារាប្រុស-ស្រី រួមជំនាន់ឯទៀត មានភាពលេចធ្លោ ហក់ឡើងខ្លាំងជាងខ្លួន ។
យ៉ាងណាមិញ បន្ទាប់ពីពពកដ៏ខ្មៅងងឹត បានរសាត់បាត់ទៅ ពន្លឺថ្មីក៏បានឈានចូលមកដល់ សម្រាប់ជីវិតតារាសម្តែង សម្បុរស្រអែម ខ្ពស់ស្រឡះ កញ្ញា ពេជ្រ ថាវរ៉ា ឡើងវិញ ជាមួយក្តីសង្ឃឹម ថ្មីទៅថ្ងៃអនាគត ។ ការចាប់ផ្តើម មានពន្លឺ ជាថ្មីម្តងទៀតនេះ គឺក្រោយពេលតារាសម្តែងស្រីរូបនេះ ចាប់ផ្តើមដាក់ខ្លួន ចូលសម្តែងសិល្បៈ ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនអ្នកគាំទ្រ និងជាការផ្តើមសាងកេរ្តិ៍ឈ្មោះ ឡើងវិញ ។
ការវិលត្រឡប់ មកចាប់យកអាជីព ជាអ្នកសិល្បៈតាមរយៈការចូលខ្លួន សម្តែងខ្សែរឿង ឲ្យបណ្តាផលិតកម្ម និង ទូរទស្សន៍ជាថ្មី របស់នាង ត្រូវបានមជ្ឈដ្ឋានមហាជនខាងក្រៅ គិតថា ពេលនេះជីវិតរបស់ ពេជ្រ ថាវរ៉ា កំពុងតែត្រូវ បានបោះជំហានទៅមុខ ជាមួយនឹងក្តីសង្ឃឹមសារជាថ្មី។ ជាងនេះទៅទៀត វត្តមានរបស់តារាសម្តែង កញ្ញា ពេជ្រ ថាវរ៉ា នឹងអាចធ្វើឲ្យនាងល្បីដូចមុន ឬខ្លាំងជាងមុនទៀត ក៏ថាបាន ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ពីខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥តារាសម្តែងស្រី កញ្ញា ពេជ្រ ថាវរ៉ា បានប្រាប់ឲ្យដឹងថា សម្រាប់អាជីពស ម្តែងសិល្បៈរបស់នាង បច្ចុប្បន្ននេះ គឺមានការមមាញឹកច្រើនគួរសម ក្រោយពេលចូលខ្លួនផ្តើមចាប់ យកអាជីពសិល្បៈ ជាថ្មីឡើងវិញ ។
កញ្ញា ពេជ្រ ថាវរ៉ា បានបន្តថា «តាំងពីដើមឆ្មាំថ្មី២០១៥នេះ គឺមានខាងបណ្តាផលិតកម្ម និង ទូរទស្សន៍ជាច្រើនបាន ទំនាក់ទំនងមកខ្ញុំ ដើម្បីហៅឲ្យទៅសម្តែងរឿង និងកាយវិការខារ៉ា អូខេជាដើម។ ក្នុងនោះ ថ្មីៗនេះខ្ញុំក៏កំពុងត្រៀងខ្លួន ចេញមុខសម្តែងខ្សែរឿងថ្មីមួយទៀត តែឥឡូវខ្ញុំនេះ កំពុងស្ថិតនៅខេត្តកំពង់ធំ មកថតកម្មវិធី ឱ្យស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៥» ។
ជាមួយគ្នានេះ តារាសម្តែង កញ្ញ ពេជ្រ ថាវរ៉ា ក៏បានសម្តែងក្តីរំពឹងជាថ្មីថា នាងនឹងទទួល បានប្រជាប្រិយភាព និងការ គាំទ្រឡើងវិញ ពីទស្សនកជនគ្រប់វ័យនៅថ្ងៃខាងមុខ។ ពិសេសង្ឃឹមថាទីផ្សារសិល្បៈក្នុងស្រុករបស់ខ្លួន នឹងអាចឈាន ទៅរកដំណាក់កាលជោគជ័យ ដូលគ្រាដំបូងឡើងវិញ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល